(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅនៃក្លិប Tottenham Hotspur លោក Jose Mourinho បានសំឡឹងឃើញកីឡាករខ្សែប្រយុទ្ធ ៣រូប ដើម្បីយកមកជំនួសកៅអី Harry Kane។

Spurs ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៨ ក្នុងតារាង Premier League ក្រោយឆ្លងកាត់ ២៩ប្រកួតមកនេះ បានកំពុងប្រឈមទៅនឹងអត់បានលេងនៅ UEFA Champions League ដែលជាហេតុធ្វើឲ្យកីឡាករសំខាន់ៗ ជាពិសេស Harry Kane អាចនឹងចាកចេញនារដូវក្តៅខាងមុខ ដ្បិតមានក្រុមរួម PL ដូចគ្នា Manchester City និង Manchester United ចាប់អារម្មណ៍ជាខ្លាំងនោះ។

ទន្ទឹមគ្នា កីឡាករខ្សែប្រយុទ្ធទាំង៣រូប ដែលលោក Jose រំពឹងយកបាន១ ដើម្បីមកជំនួសកន្លែង Harry Kane នោះរួមមាន Alfredo Morelos របស់ក្លិប Rangers, Danny Ings របស់ក្លិប Southampton និង Diogo Jota របស់ក្លិប Wolverhamton Wanderers។

ទម្រង់លេងរបស់ក្លិប Spurs ដែលស្ថិតនៅទីក្រុង London នៃប្រទេសអង់គ្លេសមានការធ្លាក់ចុះជាខ្លាំង ក្រោយពេល Kane មានបញ្ហារបួសសរសៃពួរជាទម្ងន់កាលដើមឆ្នាំ២០២០ ដោយរហូតមកទល់ពេលនេះនៅពុំមានជាសះស្បើយនៅឡើយ ដែលអាចអវត្តមានច្រើនប្រកួតទៀតជាមួយមាន់ខ្នាយមាស និងក្រុមជម្រើសជាតិតោ៣អង់គ្លេសថែមទៀត៕