(ភ្នំពេញ)៖ ជំងឺរលាកសួតថ្មី Covid-19 បានធ្វើឲ្យប៉ះពាល់ដល់គ្រប់វិស័យរបស់ប្រទេសមួយ ក៏ដូចជាប៉ះដល់ភាពសុខដុមរបស់ពិភពលោក ដោយក្នុងនោះមិនត្រឹមសេដ្ឋកិច្ច ទេសចរ វប្បធម៌ និងសូម្បីកម្មវិធីឯកជន ដូចជាមង្គលការជាដើម ក៏ប៉ះពាល់ដែរ ដែលប៉ុន្មានថ្ងៃមកនេះ ឃើញមានការលើកពេលបន្តបន្ទាប់។ ឥឡូវនេះ ការសម្ដែងល្ខោនក្បាច់បុរាណមួយក៏សម្រេចលើកពេលដែរ។
តាមទំព័រហ្វេសប៊ុក «មហាវេស្សន្តរជាតក» បានប្រកាសថា ដំបូងឡើយ ល្ខោនក្បាច់បុរាណរឿង «រឿងព្រះអនរុទ្ធព្រះនាងឧស្សា» គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនានេះ នៅសាលសន្និសីទចតុម្មុខ។ ប៉ុន្តែឥឡូវផែនការនេះ ត្រូវបានក្រុមការងារសម្រេចលើកពេលហើយ ដោយសារបង្ការការរីករាលដាលរបស់ជំងឺរលាកសួតថ្មី Covid-19។
សូមជម្រាបជូនដំណឹងដល់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ក្រុមការងាររៀបចំការសម្ដែងបានសម្រេចធ្វើការពន្យារពេល ការសម្ដែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង «រឿងព្រះអនរុទ្ធព្រះនាងឧស្សា» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ២៨ ២៩ ខែមីនា ឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខ ជាបណ្ដោះអាសន្ន ដោយសារមានការផ្ទុះឡើងនូវមេរោគកូវីដ-១៩ ការពន្យារពេលការសម្ដែងនេះ គឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ និងការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ៖ ០១២ ២៥០ ៥៥៦ / ០៨៦ ៤៣៤ ៤៥៦ / ០១០ ៨០៦ ៣០២ / ០១៧ ២៧៧ ៩៦០៕