(បរទេស)៖ មហោស្រពភាពយន្តអន្តរជាតិប្រចាំឆ្នាំ ដែលធ្វើនៅទីក្រុងកាន ប្រទេសបារាំង ត្រូវបានពន្យាពេល ដើម្បីកាន់បន្ថយការីករាលដាលនៃកូវីដ១៩។ មហោស្រពភាពយន្តអន្តរជាតិ គឺជាព្រឹត្តិការណ៍ដ៏ធំមួយរបស់ពិភពលោក ដែលគ្រោងប្រារព្ធឡើង ចាប់ពីថ្ងៃទី ១២ដល់២៣ ខែឧសភា​ ឆ្នាំ២០២០។ ប៉ុន្តែអ្នករៀបចំព្រឹត្តិការណ៍នេះ បានលើកឡើងនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា វានឹងមិនអាចកើតឡើងនោះទេ គឺនឹងត្រូវពន្យារពេល។

«ជម្រើសជាច្រើនកំពុងត្រូវបានពិចារណា ដើម្បីធានានូវដំណើរការនៃព្រឹត្តិការណ៍នេះ បានន័យថា វានឹងត្រូវពន្យារទៅពេលវេលាដ៏សមស្របណាមួយ។ កម្មវិធីនេះ អាចនឹងលើកទៅដល់ ចុងខែមិថុនា ឬដើមខែកក្កដា»។ នេះជាសំដីរបស់អ្នករៀបចំកម្មវិធី។

លោក Spike Lee ត្រូវបានជ្រើសរើស ជាអ្នកដឹកនាំ នៃព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ នៅក្នុងឆ្នាំ២០២០នេះ ហើយក៏ជាមនុស្សស្បែកខ្មៅដំបូង ដែលទទួលបានតំណាងនេះ ក្នុងឆ្នាំទី៧៣ នៃប្រវត្តិសាស្ត្រមហោស្រពភាពយន្តអន្តរជាតិផងដែរ។

ពាក្យចចាមអារាមបានលើកឡើងថា ព្រឹត្តិការណ៍នេះគួរតែលុបចោល ឬពន្យារពេលតាំងពី ថ្ងៃទី០៨ ខែមីនា មកម្ល៉េះ ចាប់តាំងពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងលោក អូលីវែ វើរ៉ង់ (Olivier Veran) បានប្រកាសហាមឃាត់ជាបណ្តោះអាសន្ន លើការជួបជុំជាសាធារណៈ ដែលមានចំនួនមនុស្សលើសពី ១,០០០នាក់ឡើង ដើម្បីការពារការឆ្លងកូវីដ១៩។ នេះជាចំនួនដ៏ទាបមួយ បើប្រៀបធៀបជាមួយអ្នកចូលរួមព្រឹត្តិការណ៍នេះ។

បើតាមទស្សនាវដ្ដីបារាំង Le Point បានចុះផ្សាយអត្ថបទមួយ ដែលក្នុងនោះបុគ្គលមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ Le Point ថា «ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិក្នុងឆ្នាំនេះ នឹងមិនកើតឡើងនោះទេ»។ ប៉ុន្មានថ្ងៃក្រោយមក អ្នករៀបចំកម្មវិធីនេះ បានចេញមកបដិសេធដោយលើកឡើងថា «មិនទាន់មានសេចក្តីសម្រេចណាមួយនោះទេ»

គួរជម្រាបថា មហោស្រពភាពយន្តអន្តរជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៤៦។ កម្មវិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងទីក្រុងកាន ប្រទេសបារាំង ដែលមានការដាក់បង្ហាញស្នាដៃភាពយន្តថ្មីៗគ្រប់ប្រភេទ រួមបញ្ចូនទាំងភាពយន្តឯកសារមកពីទូទាំងពិភពលោកផងដែរ៕