(ភ្នំពេញ)៖ ទីបំផុតព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី០៥-១៦ ខែឧសភាខាងមុខ ត្រូវបានរាជរដ្ឋាភិបាល ឯកភាពអនុញ្ញាតឲ្យពន្យារពេលប្រកួតផ្លូវការហើយ។ នេះបើតាមការឲ្យដឹងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក ក្រោយទទួលបានចំណារដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានៅថ្ងៃសុក្រនេះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដែលបញ្ជាក់ថា រាជរដ្ឋាភិបាលបានឯកភាពពន្យារពេលរៀបចំការប្រកួតកីឡាជាតិ តបតាមការស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី Covid-19។

ជាមួយការពន្យារពេលនេះ លោក វ៉ាត់ ចំរើន បានថ្លែងអំណរគុណ និងគាំទ្រចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កីឡាករ-កីឡាការិនី ពិសេសផ្ដល់ឱកាសឲ្យគណៈកម្មការ មានពេលវេលាគ្រប់គ្រាន់ ក្នុងការត្រៀមលក្ខណៈរៀបចំ នៅពេលស្ថានភាពរីករាលដាល នៃជំងឺឆ្លង Covid-19 មានសភាពប្រក្រតីឡើងវិញ។

លោកបន្ដថា «ឥឡូវយើងមានផលប៉ះពាល់ច្រើន ពិសេសកីឡាករមិនបានហាត់ អាចប៉ះពាល់បច្ចេកទេស ឬអាចគ្រោះថ្នាក់ពេលប្រកួតច្រើន។ ម្យ៉ាងការហាត់ស៊ាំត្រៀមសម្ដែងអបអរពិធីបើក-បិទ ក៏មិនបានហាត់ដែរ។ ចឹងវាជាការល្អដែលយើងផ្អាក ហើយរកពេលប្រមូលផ្ដុំឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមរៀបចំឡើងវិញ។ ចឹងយើងសូមថ្លែងអំណរគុណរាជរដ្ឋាភិបាល សម្រាប់ការឯកភាពលើកពេល ដ្បិតនេះជាកង្វល់អ្នកបច្ចេកទេស តែយើងនឹងតែបន្ដការខំប្រឹង ដើម្បីត្រៀមរៀបចំ ព្រោះយើងមិនបោះបង់ផែនការនេះឡើយ»

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ២ឆ្នាំម្ដងបានរៀបចំ ២លើករួចមកហើយ ក្នុងគោលបំណងសម្រួចផែនការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទាំងការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី និងធនធានមន្ដ្រីបច្ចេកទេសសម្រាប់ការរៀបចំព្រឹត្តិការណ៍ទាំងមូល ពិសេសពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេមតែម្ដង។ ចំពោះកីឡាជាតិ លើកទី៣ ក្រោយរាជរដ្ឋាភិបាលសម្រេចពន្យារពេលកាលបរិច្ឆេទថ្មី ដើម្បីរៀបចំនៅមិនទាន់កំណត់នោះទេ ដោយរង់ចាំស្ថានភាពជំងឺឆ្លង Covid-19 មានភាពធូរស្រាស ឬប្រក្រតីឡើងវិញសិន៕