(ខាឌីស)៖ កីឡាករដែលធ្លាប់បង្ហាញខ្លួនក្នុងឈុតយុវជនអាយុក្រោម ២១ឆ្នាំអង់គ្លេស Peter Whittingham បានទទួលបានមរណភាពក្នុងវ័យត្រឹមតែ ៣៥ឆ្នាំប៉ុណ្ណោះ ដោយសារបញ្ហារបួសក្បាល។

Peter ដែលបច្ចុប្បន្នមិនបានលេងឲ្យក្លិបណាមួយនោះទេ បានដួលក្នុង Pub មួយកន្លែងដោយទទួលរងរបួសក្បាលជាទម្ងន់រហូតដល់បាត់បង់ជីវិត បន្ទាប់ពីសម្រាកព្យាបាលក្នុងមន្ទីរអស់ជិត ១០ថ្ងៃមកនេះ។

Peter បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាមួយក្លិបអង់គ្លេស Aston Villa ដោយបានចូលលេងជាង ៥០ប្រកួតក្នុងលីគ និងបង្ហាញខ្លួនបាន ១៧ជាមួយក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ក្នុងឈុត U21 នៅអំឡុងឆ្នាំ២០០៤ និងឆ្នាំ២០០៧។

Peter ត្រូវបានត្រូវបានក្លិប Cardiff City ចាត់ទុកជា Legend ក្រោយពេលស៊ុតបាន ៩៨គ្រាប់ច្រើនជាងគេ ពីការបង្ហាញខ្លួនបាន ៤៥៩ប្រកួត ក្រោយពេលចូលជាមួយក្លិបរបស់ប្រទេសវ៉េលខាងលើនេះកាលឆ្នាំ២០០៧ និងបានចាកចេញពីក្លិប Cardiff នៅរយៈពេល ១០ឆ្នាំបន្ទាប់ទៅចូលរួយជាមួយ Blackburn Rovers ដោយលេងបាន ១រដូវកាលប៉ុណ្ណោះ៕