(បរទេស)៖ តារាសម្តែងប្រុសជនជាតិអាមេរិក គឺលោក Daniel Dae Kim ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា បានឆ្លងកូវីដ១៩ នៅពេលដែលកំពុងមានកុងត្រាថតខ្សែភាពយន្ត ក្នុងទីក្រុងញូយ៉ក គឺរឿង «New Amsterdam»។

តាមរយៈវីដេអូរយៈពេល១០នាទី ដែលបានបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម តារាប្រុសសម្តែងក្នុងរឿង «Lost» និងរឿង «Hawaii 5-0» រូបនេះ បានឲ្យដឹងថា លោកចាប់ផ្តើមឈឺបំពងក នៅពេលធ្វើដំណើរត្រឡប់ទៅ ហាវ៉ៃ វិញ ជាមួយក្រុមគ្រួសារ បន្ទាប់ពីការសម្តែងភាពយន្តរបស់លោក ត្រូវបានផ្អាក់ដោយសារការរាតត្បាតកូវីដ១៩។

តាមរយៈសារព័ត៌មាន CNN ដកស្រង់ការផ្សាយពី NBC បានឲ្យដឹងថា លោក Kim ពេលដែលត្រឡប់មកដល់ហាវៃវិញ បានចាប់ផ្តើមចេញរោគសញ្ញា ដូចជាពិបាកដកដង្ហើម ឈឺខ្លួនប្រាណ និងក្តៅខ្លួន។ ជាមួយគ្នានេះ គ្រូពេទ្យបានផ្តល់យោបល់ដល់លោក Kim ថា លោកគួរទៅធ្វើតេស្តរកកូវីដ១៩ ក្រោយមកលោកក៏ទៅធ្វើតេស្តនៅមជ្ឈមណ្ឌលធ្វើតេស្តក្នុងតំបន់ Honolulu និងទីបំផុតលទ្ធផលរបស់លោកចេញមក គឺវិជ្ជមានចំពោះកូវីដ១៩។

លោកនិយាយថា លោកត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារចាប់តាំងពីពេលនោះមក ហើយតាំងពីទៅដល់ ហាវៃ លោកបានចេញក្រៅផ្ទះតែម្តងគត់ គឺនៅពេលទៅធ្វើតេស្ត។

គួរជម្រាបថា បច្ចុប្បន្នរដ្ឋទាំង៥០ នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 ហើយគ្រាន់តែពេញមួយថ្ងៃពុធ (ម៉ោងនៅវ៉ាស៊ីនតោន) ចំនួនអ្នកឆ្លងបាន កើនដល់ជិត ២,០០០ករណីឯណោះ៕