(ភ្នំពេញ)៖ តារាសម្ដែងមានប្រជាប្រិយភាព កញ្ញា សាឡាត់ ស្រីឡាង បានបង្ហោះវីដេអូ ក៏ដូចជាសារលើកទឹកចិត្ត ដល់បងប្អូនខ្មែរឥស្លាម ក្នុងកាលៈទេសៈកូវីដ១៩ កំពុងរាតត្បាតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ ក៏មានងបងប្អូនខ្មែរឥស្លាមមួយចំនួនកំពុងទទួលរងនូវកូវីដ១៩ ហើយក៏មានបុគ្គលមួយចំនួនបង្ហោះសាររើសអើង ដល់ជនជាតិឥស្លាមថែមទៀតផង។ ក្រោយឃើញបែបនេះ កញ្ញាសាឡាត់ ស្រីឡាង បានចេញមកធ្វើវីដេអូ ដើម្បីលើកទឹកចិត្តខ្មែរឥស្លាម ព្រោះគិតថាគ្មាននរណាម្នាក់ចង់ឆ្លងជំងឺកូវីដ១៩ នេះឡើយ។

តារាសម្ដែងកញ្ញា សាឡាត់ ស្រីឡាង បានបង្ហោះ សារលើកទឹកចិត្តដល់បងប្អូខខ្មែរឥស្លាម នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំមិនខ្វល់ថាអ្នកសាសនាអ្វី? អ្នកឲ្យបេះដូងដ៏ល្អក្នុងប្រទេសខ្ញុំ ខ្ញុំក៏ផ្តល់វិញនៅបេះដូងរបស់ខ្ញុំទៅអ្នកវិញ។ ខ្ញុំបានទទួលក្ដីស្រលាញ់ ការបារម្ភ ការមើលថែ ពីអ្នកដែលកាន់សាសនា ឥស្លាម យ៉ាងកក់ក្ដៅ អរគុណសំរាប់គ្រប់យ៉ាងយើងជាខ្មែរតែមួយ សាសនាខុសគ្នា តែបេះដូងដូចគ្នា»

ជាមួយគ្នានេះ នាងក៏បានសំណូមពរដល់បងប្អូនខ្មែរឥស្លាម ដែលបានត្រឡប់មកពីការធ្វើពិធីបុណ្យសាសនា នៅម៉ាឡេស៊ី ទាំងអស់ ទៅធ្វើត្តេសន៍រកកូវីដ១៩ ដើម្បីជាការបង្ការនៃការឆ្លងវីរុសដ៏កាចសាហាវមួយនេះ ទៅកាន់អ្នកដទៃទៀត ខណៈពេលនេះ អ្នកឆ្លងត្រូវបានរកឃើញជាបន្តបន្ទាប់ ដែលភាគច្រើន គឺជាជនជាតិខ្មែរឥស្លាម ដែលត្រឡប់មកពីម៉ាឡេស៊ី។

មួយវិញទៀត នាងក៏សំណូមពរដល់បងប្អូនក្នុងបណ្តាញសង្គម កុំមានការជេរ និងស្ដីបន្ទោស ក៏ដូចជារើសអើងពូជសាសន៍ជាពិសេសរើសអើងចំពោះបងប្អូនខ្មែរឥស្លាម ដោយនាងសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ចង់ឲ្យមានមេរោគនេះកើត ឡើងលើខ្លួននោះទេ។

សូមបញ្ជាក់ថា គិតមកដល់យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ដល់ ៣៧នាក់ហើយ។