(ក្រុងឡុងដ៍)៖ ក្លិបកាំភ្លើងធំ Arsenal ដែលស្ថិតក្នុងលីគ Premier League បានដាក់តម្លៃប្រមាណ ៥០លានផោនទៅលើកីឡាករខ្សែប្រយុទ្ធ Pierre Emerick Aubameyang ក្នុងការផ្ទេរទៅកាន់ក្លិបផ្សេងនារដូវកាលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅខាងមុខ ហើយក្នុងនោះក្លិប FC Barcelona ក៏ធ្លាប់បានជួបពិភាក្សាកាលពីខែមករាម្តងរួចមកហើយដែលជាគោលដៅដំបូងគេរបស់ក្រុមខ្លាំងនៅ LaLiga នេះ។

Aubameyang បានក្លាយជាគោលដៅដំបូងគេរបស់ក្លិបអេស្ប៉ាញ FC Barcelona ដោយហេតុផលដែលខ្សែប្រយុទ្ធ Luis Suarez មិនច្បាស់នៅពេលវេលាដែលបានត្រឡប់វិលចូលទីលានវិញ ដែលកំពុងមានបញ្ហារបួស ហើយសម្រាប់តម្លៃនេះ ក៏ស្ថិតក្នុងការពិចារណារបស់ក្លិបអេស្ប៉ាញ ខណៈ Arsenal ក៏មិនមានគម្រោងផ្ទេរនោះដែរ។

កីឡាករអន្តរជាតិកាបុង Aubameyang ត្រូវបានក្លិបកាំភ្លើងធំ Arsenal នាំមកពីក្លិបអាល្លឺម៉ង់ Borussia Dortmund ក្នុងតម្លៃប្រមាណ ៦៤លានអឺរ៉ូកាលពីឆ្នាំ២០១៨ ហើយក្លិបអេស្ប៉ាញ ក៏កំពុងតែពិភាក្សាស្វែងរកតម្លៃដែលទាបជាងនេះ៕