(ភ្នំពេញ)៖​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានសម្រេចផ្អាកការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ និងយុវជនអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២០ ជាផ្លូវការហើយ ដើម្បីរួមចំណែកការរីករាលរាលនៃជំងឺផ្លូវដង្ហើមថ្មី Covid-19។

តាមការជូនដំណឹងរបស់សហព័ន្ធ បានឲ្យដឹងថា ពាន U16 និងពាន U18 នឹងត្រូវផ្អាកការប្រកួតបណ្ដោះអាសន្ន ចាប់ពីពេលនេះ រហូតដល់ថ្ងៃជូនដំណឹងថ្មី ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

គួរបញ្ជាក់ថា មុនផ្អាកការប្រកួតពាន U16 និងពាន U18 បានដំណើរការប្រកួតដល់ដំណាក់កាលទី២ ហើយ ដោយពានទាំងពីរ សុទ្ធតែមាន ១៦ក្រុមដូចគ្នា ឡើងមកប្រកួតជុំទី២ ក្រោយដំណើរការប្រកួតជាច្រើនខែកន្លងទៅ ដែលក្រុមចូលរួមភាគច្រើនជាយុវជនសាលាតម្រង់ទិសតាមរាជធានី-ខេត្ត និងក្រុមយុវជនតាមបណ្ដាក្លិបសមាជិកលីគកំពូលកម្ពុជា៕