(ភ្នំពេញ)៖ ស្របពេលកូវីដ១៩ កំពុងរាតត្បាតក្នុងប្រទេសកម្ពុជា និងសាលារៀន កន្លែងកំសាន្ត ហាងខារ៉ាអូខេ រោងភាពយន្តកម្មវិធីជួបជុំមួយចំនួន ត្រូវបានផ្អាកផងនោះ, តារាសម្តែង និងជាតារាម៉ូដែលប្រុស លោកណារ៉ុង រ៉ាត់ បានជប់លៀងឆ្លងខួបកំណើតរបស់ខ្លួន ប្រកបដោយភាពសប្បាយរីករាយ ជាមួយនឹងការចូលរួមយ៉ាងច្រើនកុះករពីមិត្តរួមការងារ។

ពិធីខួបកំណើតរបស់លោកណារ៉ុង រ៉ាត់ ធ្វើឡើងនៅរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅភោជ្ជនីយដ្ឋាន G21។ តាមរយៈទូរស័ព្ទ តារាប្រុសរូបនេះ បានឲ្យដឹងថា តាមគម្រោងខួបកំណើត គឺនឹងធ្វើចំនួន២៥តុ ប៉ុន្តែដោយសារតែកូវីដ១៩ គឺត្រូវថយមកត្រឹមពាក់កណ្តាលវិញ។ ទោះស្ថិតក្នុងកាលៈទេសៈនៃការរាតត្បាតកូវីដ១៩ ប៉ុន្តែពិធីខួបកំណើតគម្រប់២៥ឆ្នាំរបស់លោក បានប្រព្រឹត្តទៅយ៉ាងរលូនតែម្តង។

លោកណារ៉ុង រ៉ាត់ បានបង្ហាញចំណាប់អារម្មណ៍ថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ពេលដែលមិត្តរួមការងារ និងបងប្អូនសិល្បៈបានចូលរួមក្នុងពិធីខួបកំណើតរបស់លោកយ៉ាងច្រើនកុះករ និងប្រកបដោយភាពសប្បាយរីករាយ។ លោកមិននឹកស្មានថាមានភ្ញៀវចូលរួមច្រើន ក្នុងកម្មវិធីរបស់លោកដែរ ក្នុងកាលៈទេសៈនេះ ដោយក្នុងនោះគឺមានភ្ញៀវចូលរួមចំនួន១០តុ។

ជាមួយគ្នានេះ តារាម៉ូដែលរាងខ្ពស់ស្រឡះ ណារ៉ុង រ៉ាត់ បានផ្តាំផ្ញើរសារជូនពរដល់ភ្ញៀវកិត្តិយស មិនសិល្បៈ និងបងប្អូនប្រជាជនខ្មែរទាំងអស់ឲ្យមានសុខភាពល្អ និងជៀសឲ្យផុតពីជំងឺឆ្លងកូវីដ១៩នេះ៕