(ភ្នំពេញ)៖ តារាចម្រៀង អ្នកនាង ស៊ុន ស្រីពេជ្រ និងពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា ក្រោយចេញទៅសម្ដែងនៅលើទឹកដីកាណាដា រយៈពេលប្រមាណ៣ទៅ៤សប្ដាហ៍រួចមក ពេលនេះអ្នកទាំងពីរ ក៏ត្រូវដល់ថ្ងៃត្រឡប់មកកម្ពុជាវិញ ប៉ុន្តែ​អ្នកទាំងពីរត្រូវជាប់គាំងនៅប្រទេសកាណាដា ដោយមិនទាន់អាចវិលត្រឡប់មកកម្ពុជាវិញ បាននៅឡើយនោះទេ ដោយសារតែការរីករាលដាលយ៉ាងខ្លាំង នៃវីរុសកូវីដ១៩ នៅទូទាំងពិភពលោក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាចម្រៀង អ្នកនាង ស៊ុន ស្រីពេជ្រ ​និងពិធីការិនី អ្នកនាង យុគ ចិន្តា តាមគម្រោង​ត្រូវវិលត្រឡប់ មកកាន់ប្រទេសកម្ពុជាវិញ នៅ​ថ្ងៃទី១៦ ខែ​មីនា ឆ្នាំ២០២០ បន្ទាប់ពីអ្នកទាំងពីរ បានចេញដំណើរទៅសម្ដែង នៅលើទឹកដីកាណាដា រយៈពេល៣ទៅ៤សប្ដាហ៍រួចមក ប៉ុន្តែដោយសារ​នៅទូទាំង​ពិភពលោក កំពុងប្រឈមមុខខ្លាំងទៅនឹងបញ្ហា ចំពោះការរីករាលដាលនៃវីរុសកូវីដ១៩ ធ្វើឲ្យ ស៊ុន ស្រីពេជ្រ និងអ្នកនាង យុគ ចិន្តា នៅមិនទាន់អាចហោះហើរ មកកាន់មាតុប្រទេសវិញបានទេ។

ប្រភពដដែលបន្តថា ស៊ុន ស្រីពេជ្រ ​ត្រូវត្រឡប់មកដល់កម្ពុជាវិញ តាំងពីថ្ងៃទី១៦ ខែមិនា ប៉ុន្តែដោយសារវីវុស កូវីដ១៩ ធ្វើឲ្យនាងមិនអាចស្វែងរកជើងហោះហើរ មកកាន់កម្ពុជាបានឡើយ ទោះបីជាមានការជួយជ្រោមជ្រែង ពីអ្នករៀបចំកម្មវិធីសម្ដែង នៅកាណាដា​នោះក៏ដោយ។

​រហូតមកទល់ពេលនេះ ស៊ុន ស្រីពេជ្រ និងអ្នកនាង យុគ ចិន្តា មិនទាន់មានដំណឹងពាក់ព័ន្ធនឹងការ​ វិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឡើយទេ ពោលគឺរង់ចាំមើលពីស្ថានភាព និងការធូរស្បើយពីការឆ្លង នៃវីរុសកូវីដ១៩ នៅកាណាដា ជាមុនសិន។ ម្យ៉ាងវិញទៀត នាងគ្មានបំណងចង់ស្នាក់នៅកាណាដា យូរនោះទេ ដោយនាងលើកឡើងថា​ ខាតការងារច្រើន​នៅស្រុកខ្មែរ ជាពិសេសនាងចង់ជួបជុំគ្រួសារស្វាមី និងកូនដែលកំពុងទន្ទឹងរង់ចាំ ផ្លូវនាងត្រឡប់មកវិញ យ៉ាងអន្ទះសារ។

គួរជម្រាបថា មុនពេលដែលតារាចម្រៀង ស៊ុន ស្រីពេជ្រ និងពិធីការិនី យុគ ចិន្តា ចាកចេញទៅសម្ដែងនៅលើទឹកដីកាណាដា គឺមិនទាន់មានការផ្ទុះនៃវីរុសកូវីដ១៩នោះទេ ទើបតែខាង Sponsor កក់កន្លែងសម្ដែងដោយមានការចូលរួម ពីភ្ញៀវច្រើនគួរសម ប៉ុន្តែក្រោយ​ផ្ទុះព័ត៌មានខ្លាំងក៏ផ្អាកការ​សម្ដែងតែម្ដង រហូតដល់ថ្ងៃរង់ចាំត្រឡប់ មកស្រុកខ្មែរវិញ តែគេក៏បិទជើងហោះ ស្ទើរគ្រប់ច្រកទាំងអស់៕