(ភ្នំពេញ)៖ បន្ទាប់ពីប្រទេសកម្ពុជា បានជួបប្រទះ រងគ្រោះដោយវីរុសកូវីដ១៩ មក រាជរដ្ឋាភិបាល បានសម្រេច​ផ្អាកសាលារៀន ក៏ដូចជាផ្អាកហាងខារ៉ាអូខេ និងរោងភាពយន្តទូទាំងប្រទេស ដើម្បី​ចូលរួមទប់ស្កាត់ ការពារ ការរីករាលដាល នៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ ទាំងសកម្មភាពនានាក្នុងសិល្បៈ ក៏ត្រូវបានគេកត់សម្គាល់ឃើញថា មានការផ្អាក និងលើកពេលជាបន្តបន្ទាប់ផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ តារាសម្ដែងនិងជាពិធីករ លោក អេឡិច ចាន់ត្រា ត្រូវបានម្ចាស់កម្មវិធីមង្គលការ ដែលជួយវង់តន្រ្តីរបស់លោកនោះ ​បានលើកពេលជាបន្តបន្ទាប់ ព្រោះតែខ្លាចរអានឹងវីរុសកូវីដ១៩។

យោងទៅលើគណនីហ្វេសប៊ុក របស់តារាសម្ដែង និងជាពិធីករ លោក អេឡិច ចាន់ត្រា បានរៀបរាប់ថា «Covid19 អ្នកប្រល័យការងាពួកខ្ញុំអស់ហើយ ថ្ងៃនេះ​គ្រាន់តែទទួលទូរសព្ទ័ របស់ម្ចាស់ដើមការជាង១០រោង ពន្យាពេលរៀបការ កូនចៅខ្ញុំម្នាក់ៗ​និយាយថាធ្វើម៉េចទៅមេ ការងារ Cancel ច្រើនចឹងមានលុយឯណាបង់ធនាគារ»

​ជាមួយគ្នានេះ លោក​បានភ្ជាប់ពាក្យពេចន៍បែបលេងសើចថា «ធ្វើម៉េចបើអ៊ីចឹងសឹងទាំងអស់គ្នានឹង គិតទ្បើងដុះសក់ខ្លួនឯង និងសំខាន់ចូលថែរក្សាសុខភាព និងអនាម័យ ផងណាមិត្តភក្ត័បងប្អូន និង​ហ្វេនទាំងអស់គ្នា»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិនានេះ កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ សរុបកើនដល់៣៥នាក់ហើយ ខណៈនេះជាបញ្ហាដែលបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋទាំងមូល៕