(ភ្នំពេញ)៖ លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោនបានសម្ដែងការពេញចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់កូនក្រុម រហូតទទួលបានលទ្ធផលល្អសម្រាប់៥ប្រកួតដំបូង នៃលីគកំពូលកម្ពុជា ដើម្បីក្រសោបកៅអីកំពូលតារាងបណ្ដោះអាសន្ន តែលោកថា តំបន់ការពារមិនទាន់រឹងមាំល្អនោះទេ ទោះធ្វើបាន Clean-Sheet ឬមិនទាន់មានក្រុមណាអាចបំប៉ោងសំណាញ់ទីក្រុមខ្លួនបានក៏ដោយ។

ពាក់ព័ន្ធនឹងតំបន់ការពាររបស់ក្រុមខ្លួន ក្រោយឆ្លងកាត់ ៥ប្រកួតកន្លងទៅ លោក ស៊ុ វណ្ណា និយាយថា «និយាយរួម គឺចាប់តាំងផ្តើមរដូវកាលមក ប្រព័ន្ធការពាររបស់យើងគឺមិនទាន់ល្អប៉ុន្មានទេ ដែលអាចនិយាយបានថាត្រឹម ៨០ភាគរយ។ ដូច្នេះយើងបានសម្រេចផ្លាស់ប្តូរកីឡាករមួយចំនួនដើម្បីលេង និងបានយល់ពីប្រព័ន្ធការពាររបស់យើង»។ នេះបើតាមការបញ្ជាក់ក្រោយលោកដឹកនាំភ្នំពេញក្រោន ឈ្នះអង្គរថាយហ្គឺរ ១-០។

គួរដឹងថា បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរកំពូលតារាង និងមាន ១៣ពិន្ទុ ស្មើក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ ដូចគ្នា តែអតីតក្រុមជើងឯកលីគ ៦សម័យកាលភ្នំពេញក្រោន រកបានគ្រាប់បាល់ចំណេញ ១៧គ្រាប់ ហើយការពារសំណាញ់ទីមិនឲ្យរបូតសូម្បី ១គ្រាប់ឡើយ៕