(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសលើកពេលរៀបចំពិធីចាប់គូប្រកួតវគ្គ ៨ក្រុមចុងក្រោយ (វគ្គ ១/៤) នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ខេត្ត លើកទី១៤ ហើយ។

ប្រភពខាងលើបានបញ្ជាក់ថា ក្រោយរកឃើញបេក្ខភាពវគ្គ ៨ក្រុមចុងក្រោយ CNCC គ្រោងរៀបចំពិធីចាប់គូ នៅថ្ងៃទី២០ ខែមីនាចុងសប្ដាហ៍នេះ ប៉ុន្ដែឥឡូវបានលើកទៅរៀបចំនៅថ្ងៃទី២៧ ខែមីនាវិញ។ ចំពោះមូលហេតុពុំត្រូវបានបញ្ជាក់ឲ្យដឹងនោះទេ។

គួរដឹងថា បេក្ខភាពវគ្គ ៨ក្រុមចុងក្រោយនៃពានសម្ដេចតេជោនាយករដ្ឋមន្ដ្រី ថ្នាក់ខេត្តនេះ គឺមានខេត្តកំពង់ឆ្នាំង សៀមរាប ព្រៃវែង កំពង់ស្ពឺ កែប ត្បូងឃ្មុំ កោះកុង និងខេត្តកណ្ដាល ដែលទើបបញ្ចប់ការប្រកួតជម្រុះតាមពូលកាលពីពេលថ្មីៗនេះ។ ចំពោះការប្រកួតវគ្គ ១/៤ គ្រោងនឹងធ្វើឡើងនាដើមខែមេសា ឆ្នាំ២០២០ខាងមុខ៕