(ម៉ាឌ្រីដ)៖ Gareth Bale ស្ថិតនៅលេខរៀងទី១ ដែលនឹងក្លិបអ្នកមាន Real Madrid អនុញ្ញាតឲ្យចាកចេញពីក្លិប ដោយគ្មានតម្លៃខ្លួននាខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ បើទោះបីជាកិច្ចសន្យាមានរហូតដល់បំណាច់ឆ្នាំ២០២២ ក៏ដោយ។

យោងតាមប្រភពពី Marca បានចេញផ្សាយថា Real Madrid នឹងបញ្ចេញកីឡាករខ្សែប្រយុទ្ធអន្តរជាតិវ៉េលនារដូវកាលដោះដូរកីឡាករខាងមុខនេះ ដោយហេតុថា ក្លិបមិនមានលទ្ធភាពបង់ប្រាក់ពលកម្ម ១៧លានអឺរ៉ូដល់ Gareth Bale ដែលតែងតែអង្គុយនៅកៅអីបម្រុងនោះទេ។

Bale ដែលមានវ័យ ២៨ឆ្នាំបានចូលរួមជាមួយ Real Madrid ស្ថិតក្រោមការដឹកនាំរបស់ Zinedine Zidane បាន ១៨ប្រកួត ក្នុងនោះបានចូលលេងតែ ៣ប្រកួតប៉ុណ្ណោះនាឆ្នាំ២០២០ នេះ និងខកខានរកបានគ្រាប់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ មកម្ល៉េះ។

Bale អាចនឹងត្រឡប់ទៅលេងនៅ Premier League ឬក្លិបនៅសហរដ្ឋអាមេរិក ដ្បិតបរាជ័យម្តងរួចមកហើយកាលពីឆ្នាំទៅ ក្នុងការផ្ទេរនៅលេងនៅលីគកំពូលនៃប្រទេសចិន ដោយសារតែ Zidane ចង់ទុករូបគេឲ្យបន្តលេងនៅ Santiago Bernabeu តែកៅអីរបស់គេតែងតែត្រូវជំនួសដោយមិត្តរួមក្រុម Rodrigo និង Vinicius ជានិច្ច៕