(ភ្នំពេញ)៖ ផលិតករ និងជាអ្នកដឹកនាំរឿងដ៏ល្បី លោក Matthew Robinson នៅថ្ងៃនេះបានសម្រេចឲ្យតារាសម្ដែង និងក្រុមការងារថតរឿង «រាំមិនឆ្អែតទេ-Dance Till You Drop» ផ្អាកសកម្មភាពថតភាពយន្តនេះ បណ្ដោះអាសន្នសិន ដើម្បីចូលរួមទប់ស្កាត់ ការពារ ការរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងតែវាយលុកជាសកល ខណៈដែលប្រទេសកម្ពុជា ក៏កំពុងតែ​ទទួលរងគ្រោះដូចគ្នា។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់តារាសម្ដែងលោក សាវីន ហ្វីលីព ជាតួអង្គសំខាន់មួយក្នុងរឿង បានបញ្ជាក់ថា «សូមអរគុណ លោក Matthew Robinson ផលិតករ និងជាអ្នកដឹកនាំរឿង របស់ផលិតកម្ម ខ្មែរមេគង្គ ភាពយន្ត ដែលបានផ្អាកការថតភាពយន្តខ្នាតធំរឿង «រាំមិនឆ្អែតទេ-Dance Till You Drop» ដែលកំពុងផលិត ដោយសារការរាតត្បាតជំងឺ Covid19 កំពុងវាយលុកជាសកលយ៉ាងខ្លាំង»

លោកបានបន្ថែមថា «សូមអរគុណ ចំពោះកាយវិការយកចិត្តទុកដាក់គិតគូរ ពីផលប៉ះពាល់សុខភាព និងអាយុជីវិត ដល់តារាសម្ដែងគ្រប់រូបនៅពេលនេះ»

សូមបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាបានជួបប្រទះ រងគ្រោះដោយវីរុសកូវីដ១៩ មក រាជរដ្ឋាភិបាល បានសម្រេច​ផ្អាកសាលារៀន ក៏ដូចជាផ្អាកហាងខារ៉ាអូខេ និងរោងភាពយន្តទូទាំងប្រទេស ដើម្បី​ចូលរួមទប់ស្កាត់ ការពារ ការរីករាលដាល នៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ ទាំងសកម្មភាពនានាក្នុងសិល្បៈ ក៏ត្រូវបានគេកត់សម្គាល់ឃើញថា មានការផ្អាក និងលើកពេលជាបន្តបន្ទាប់ផងដែរ៕