(ភ្នំពេញ)៖ ស្របពេលដែលនៅលើពិភពលោក កំពុងទទួលរងនូវការចម្លងវីរុសដ៏កាចសាហាវ ឈ្មោះថា កូរ៉ូណា​​​ ឬ Covid-19 ធ្វើឲ្យចំនួនអ្នកឆ្លង និងស្លាប់កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលប្រទេសកម្ពុជា​ ក៏បានរកឃើញអ្នកឆ្លង ជាបន្ទាប់ផងដែរ។ ក្រោយកម្ពុជាមានការកើនឡើង នៃអ្នកផ្ទុកវីរុសកូវីដ១៩ តារាចម្រៀងគ្រាប់ពេជ្ររបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ក៏បានបង្ហាញពីក្ដីព្រួយបារម្ភ និងលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យកម្ពុជាទូទាំងប្រទេស ដែលកំពុងដុតដៃដុតជើងជួយសង្គ្រោះ អ្នកដែលកំពុងផ្ទុកកូវីដ១៩នេះ ឲ្យមានការតស៊ូប្រឹងប្រែងទាំងអស់គ្នា។

យោងតាមគណនីហ្វសប៊ុក របស់តារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ បានឲ្យដឹងថា «ស៊ូៗឡើង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ប្រជាជនកម្ពុជាទាំងអស់ ចាំផ្តល់កំលាំងចិត្ត»។ ជាមួយគ្នានេះ កញ្ញា សុខ ពិសី​ ក៏បានបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយឃុំគ្រង តាមថែរក្សាប្រជាជនកម្ពុជាទាំងមូល ឲ្យរួចផុតពីគ្រោះអាក្រក់ និងសុខសប្បាយទាំងអស់គ្នា»

បន្ទាប់ពីមហាជនបានឃើញតារាចម្រៀងកញ្ញា សុខ ពិសី បានបង្ហោះសារទាំងនេះ នៅលើបណ្តាញសង្គមរួចមក ក៏មានមនុស្សជាច្រើនបានសរសើរថា តារាចម្រៀង សុខ ពិសី មិនត្រឹមតែស្អាត និងច្រៀងពីរោះនោះទេ ថែមទាំងមានចិត្តបុណ្យថែមទៀតផង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមិនា ឆ្នាំ ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវី១៩ នៅប្រទេសកម្ពុជា បានកើនដល់២៤នាក់ហើយ ខណៈបញ្ហានេះកាន់តែបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងមូល៕