(ភ្នំពេញ)៖ ក្រុមបាល់ទាត់ TN Kandal បានហក់ឡើងឈរកំពូលតារាងពានរង្វាន់ KW Cambodia League 2020 សប្ដាហ៍ទី៥ ជាបណ្តោះអាសន្នវិញ ក្រោយផ្ដួលក្រុមខ្លាំង Avatar ដោយលទ្ធផល ៣-១ កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលក្រុម Khmer United A បានស្គាល់ចាញ់លើកដំបូង ក្រោមថ្វីជើងក្រុមការពារតំណែងជើងឯក ISI ដង្កោសែនជ័យ ២-១។

ក្រោយយកឈ្នះក្រុមម្ចាស់ពានបើករដូវកាល Avatar បានធ្វើឲ្យក្រុមចំណូលថ្មី TN Kandal ក្លាយជាក្រុមតែមួយគត់ ដែលរក្សាភាពខ្លាំងមិនទាន់ស្គាល់ចាញ់ ឬស្មើ ដោយ ឈ្នះ ៥ប្រកួតជាប់ៗគ្នា និងមាន ១៥ពិន្ទុឈរកំពូលតារាងបណ្ដោះអាសន្ន ខណៈ Avatar បានធ្លាក់មកឈរលេខ២ និងមាន ១២ពិន្ទុ ជាមួយលទ្ធផល ៥ប្រកួត ឈ្នះ៤ និងចាញ់១។

ឯក្រុមជើងឯកឆ្នាំចាស់ ISI បានរំកិលមកឈរលេខ៣ និងមាន ១២ពិន្ទុដែរ ក្រោយយកឈ្នះទាំងប្រផិតប្រផើយ ២-១ លើក្រុម Khmer United-A ដូចគ្នានឹងក្រុម Riel Phnom Penh ដែលបានយកឈ្នះក្រុម Sniper ២-០ ដើម្បីឡើងឈរលេខ៤ និងមាន ១២ពិន្ទុ។ ចំណែក Khmer United-A និង Sniper ក្រោយរងបរាជ័យលើកដំបូងរៀងខ្លួន ក្រុមទាំងពីរ បានធ្លាក់មកឈរលេខ៥ និងលេខ៦ ដោយមាន ១០ពិន្ទុស្មើគ្នា។

សូមរំឮកថា ពានរង្វាន់ KW Cambodia League លើកទី៩ ឆ្នាំ២០២០ គឺមាន ១៤ក្រុមចូលរួម ដោយប្រើរូបមន្ដប្រកួតវិលជុំ ១ជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាជើងឯក ដែលមានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ខណៈក្រុមលេខ២ ដល់លេខ៥ ត្រូវប្រកួតខ្វែងគ្នា ដើម្បីចម្រាញ់រកបេក្ខភាពប្រជែងពាន KW Cambodia Cup 2020៕