(តូក្យូ)៖ នាយកដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានលើកឡើងថា ការប្រកួតកីឡានៃព្រឹត្តិការណ៍ Tokyo Olympic Games 2020 នឹងនៅតែបន្តធ្វើទៅតាមការគ្រោងទុកដដែល បើទោះបីការរីករាលដាលវីរុស COVID-19 នៅតែជាក្តីបារម្ភ ដែលបានធ្វើឲ្យការប្រកួតកីឡាធំៗជាច្រើនត្រូវបានផ្អាកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

លោក Shinzo Abe បានបន្ថែមថា លោកនឹងពិភាក្សាជាមួយក្រុមប្រឹក្សាជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ក្នុងការសម្រេចចិត្តថា តើត្រូវបន្តទៅមុខ ឬយ៉ាងណាសម្រាប់ Tokyo Olympic Games ឆ្នាំនេះ។

លោកក៏បន្តថា «ពួកយើងនឹងយកឈ្នះការរីករាលដាល COVID-19 និងធ្វើជាម្ចាស់ផ្ទះការប្រកួតទៅតាមការគ្រោងទុកដោយមិនព្រួយបារម្តឡើយ ខណៈប្រទេសជប៉ុន មានរហូតដល់ទៅ ១៤០០ករណី និងមានអ្នកស្លាប់កើនដល់ ២៨នាក់ដោយវីរុសដ៏សាហាវនេះ»

បើតាមការគ្រោងទុក ការប្រកួតកីឡានៃព្រឹត្តិការណ៍ Tokyo Olympic Games 2020 គឺនឹងចាប់ផ្តើមធ្វើឡើងនាថ្ងៃទី១៤ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ហើយក្នុងនោះក៏មានការចំណាយប្រមាណ ១០.២៦ពាន់លានផោន នេះបើតាមការសិក្សាតម្លៃកាលពីខែធ្នូ ឆ្នាំ២០១៩៕