(ភ្នំពេញ)៖ លោក ឆាយ បូរ៉ា ជាផលិតករ និងជាអតីតប្រធាន «សមាគមភាពយន្តខ្មែរ» បានសម្ដែងក្ដីព្រួយបារម្ភខ្លាំង ចំពោះការធ្លាក់ចុះយ៉ាងកំហុក នៃភាពយន្តខ្មែរ នៅដើមឆ្នាំ២០២០នេះ ខណៈដែលភាពយន្តបរទេស បានបន្តវាយលុក លើទីផ្សារភាពយន្តខ្មែរ កាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ការសម្ដែងក្ដីព្រួយបារម្ភ ទៅលើវិស័យភាពយន្ត គួរឲ្យចាប់អារម្មណ៍នេះ គឺស្របពេលដែលលោក បានមើលឃើញ ពីសកម្មភាពរបស់ផលិតកម្មតូចធំ ក្នុងស្រុកមួយចំនួន ហាក់ពុំមានសកម្មភាពយន្តថតភាពយន្ត និងបញ្ចេញស្នាដៃរឿងថ្មីរបស់ខ្លួន នៅលើទីផ្សារ ពោលគឺនៅតាមរោងភាពយន្ត មានតែរឿងបរទេសដាក់បញ្ចាំងទៅវិញ។

លោក ឆាយ បូរ៉ា បានបង្ហាញក្ដីបារម្ភនេះ នៅលើបណ្ដាញសង្គមផ្ទាល់របស់លោកថា «វិស័យភាពយន្តខ្មែរ ឆ្នាំ២០២០ ហាក់ដើរថយក្រោយ។ តែភាពយន្តបរទេសកើនឡើងយ៉ាងកំហុក (​មិននិយាយដល់ព្រឹត្តិការណ៍ Covid 19 ទេ)»

ជាមួយគ្នានេះលោក ឆា បូរ៉ា​ ចង់ឲ្យមានការគិតគូរពីថ្នាក់ដឹកនាំជាតិ ដើម្បីមានផែនការយុទ្ធសាស្ត្រ លើកស្ទួយដល់វិស័យភាពយន្តខ្មែរ តាមរយៈការបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធ ក្នុងវិស័យសិល្បៈ ទាំងរដ្ឋ និងឯកជន ព្រោះនៅក្នុងប្រទេសយើង នៅមានអ្នកមានសមត្ថភាពច្រើនណាស់ មិនទាន់បញ្ចេញក្នុងវិស័យភាពយន្តខ្មែរ។

អតីតប្រធាន «សមាគមភាពយន្តខ្មែរ» រូបនេះ បានបន្តថា «មិនមានសិក្ខាសាលា ធ្វើបទបង្ហាញពីវិស័យនេះសោះ។ យើងពិតជាត្រូវការយុទ្ធសាស្ត្រ ឬគោលនយោបាយ ថ្នាក់ជាតិ​មួយ ដើម្បីលើកស្ទួយវិស័យភាពយន្ត។ ខ្ញុំចង់ឲ្យមានវេទិកា ថ្នាក់ជាតិសំរាប់វិស័យឯកជន និងរដ្ឋ លើវិស័យភាពយន្ត។ ស្ងប់ស្ងាត់ពេក មិនមានន័យថា យើងបានសុខសប្បាយទេ។ ស្ងប់ស្ងាត់ពេក បង្ហាញពីភាពអស់សង្ឃឹម របស់មនុស្សក្លាហាន»

សូមបញ្ជាក់ថា ការលើកឡើង ជាមួយនឹងការបង្ហា្កញ​ក្ដីព្រួយបារម្ភ ពីសំណាក់លោក ឆាយ បូរ៉ា នៅដើមឆ្នាំ២០២០នេះ ចំពោះវិស័យភាពយន្តខ្មែរ គឺស្របពេលដែលប្រទេសកម្ពុជា និងបណ្ដាប្រទេសជាច្រើនទៀត នៅលើសាកលលោក កំពុងតែជួបប្រទះនូវវិបត្តិវីរុស Covid-19 រាតត្បាត ដែលធ្វើឲ្យសកម្មភាពនានាត្រូវបានផ្អាក។ ក្នុងនោះ អ្នករស់នៅក្នុងវិស័យភាពយន្ត ក៏គេ​សង្កេតឃើញថា មានភាពស្ងប់ស្ងាត់ផងដែរ។ ប៉ុន្តែការលើកឡើងពីក្ដីបារម្ភនេះ ត្រូវបានលោក ឆាយ បូរ៉ា បញ្ជាក់ថា មិនមានជាប់ពាក់ព័ន្ធនឹងវីរុស Covid-19 នោះឡើយ៕