(បរទេស)៖ តារាប្រុសសញ្ជាតិអង់គ្លេស លោក Idris Elba ដែលមានវត្តមានសម្តែងក្នុងរឿង «FAST & FURIOUS: Hobbs and Shaw» បានប្រកាសក្នុងបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា លោកត្រូវបានធ្វើតេស្តឃើញវត្តមានចំពោះកូវីដ១៩។

តារាប្រុសវ័យ៤៧ឆ្នាំរូបនេះ បានទទួលលទ្ធផលធ្វើតេស្ត នៅព្រឹកថ្ងៃច័ន្ទសប្តាហ៍នេះ។ តាមរយៈវីដេអូបង្ហោះលើ Twitter លោក Idris Elba បានឲ្យដឹងថា លោកមិនមានចេញរោគសញ្ញាអ្វីនោះទេ ប៉ុន្តែលោកត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះ បន្ទាប់ពីបានប៉ះពាល់ជាមួយមនុស្សមានផ្ទុកកូវីដ១៩។

ទន្ទឹមគ្នានេះ លោកបានលើកទឹកចិត្តឲ្យមនុស្សនៅផ្ទះ និងឧស្សាហ៍លាងសម្អាតដៃ។ តាមរយៈវីដេអូបង្ហោះលើ Twitter ដដែល ទស្សនិកជនក៏ឃើញមានភរិយារបស់លោក គឺ Sabrina Dhowre នៅជាមួយលោកដែរ។ Elba បាននិយាយថា «នាងមិនទាន់ធ្វើតេស្តនៅឡើយទេ ប៉ុន្តែវាគឺមិនអីនោះទេ»

គួរជម្រាបថា Idris Elba ត្រូវបានគេស្គាល់ថា ជាតារាប្រុសមួយរូប ដែលមានកិច្ចការងារសម្តែងក្នុងខ្សែស្រឡាយ Marvel ហើយថ្មីៗនេះបានលេចវត្តមានក្នុងភាពយន្តល្បីមួយទៀតគឺរឿង «Cats»៕