(ក្រុងរ៉ូម)៖ ក្រុមបាល់ទាត់ Juventus កំពុងចរចាបន្លាយកិច្ចសន្យារយៈពេល ២ឆ្នាំទៀតដល់កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅឆ្នាំ២០២២ នោះ។

គោលដៅធំរបស់ក្លឹបយក្សអ៊ីតាលី Juventus គឺយក Ronaldo មកដើម្បីជួយក្លិបសេះបង្កង់មួយនេះ ឈ្នះជើងឯកពានរង្វាន់ធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ក្រោយខកខានតាំងពីឆ្នាំ១៩៩៦ មក។

តែយ៉ាងណា កីឡាករវ័យ ៣៥ឆ្នាំសញ្ជាតិព័រទុយហ្គាល់ខាងលើនេះ បានត្រឹមជួយ Juventus ឡើងដល់វគ្គ ៨ក្រុមនៃ UCL ធ្លាក់ក្រោមថ្វីជើងរបស់ Ajax ដែលជាក្រុមមកពីហូឡង់ ក្រៅការពាន Serie A បានសម្រេច និងរងជើងឯកពាន Coppa Italy ប៉ុណ្ណោះកាលពីរដូវកាលមុន។

ប្រសិនបើកើតឡើងមែន Cristiano Ronaldo នឹងបន្តលេងនៅទឹកដី Allianz ដល់អាយុ ៣៩ឆ្នាំ គ្រាដែលរូបគេរកបាន ២៥គ្រាប់ និងបញ្ជូនបាន ៤គ្រាប់គ្រប់ការប្រកួតនារដូវកាលនេះ។

ក្រៅពី CR7 នេះ ក្លិបជើងឯកអ៊ីតាលី Juventus ក៏បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Spurs, Timo Werner របស់ Leipzig និង Gabreil Jesus របស់ Manchester City ទៀតដែរ ដើម្បីមកបំពេញតំបន់ប្រយុទ្ធឲ្យកាន់តែស្រួចថែមទៀត៕