(ភ្នំពេញ)៖ ​ភាពយន្តរឿង «វិញ្ញាណល្បុក្កតោ» ​ជាស្នាដៃលើកកម្ពស់ក្បាច់គុនល្បុក្កតោ ដ៏ល្បីរបស់ដូនតាខ្មែរ ដែលគ្រោងដាក់បញ្ចាំង​នៅចុងខែមេសានេះ ប៉ុន្តែគម្រោងអាចនឹងមានការប្រែប្រួល ប្រសិនបើបញ្ហាផលប៉ះពាល់នៃជំងឺកូវីត១៩ បង្កការភ័យខ្លាច។ នេះបើយោងតាមការលើកឡើងរបស់លោកគ្រូតាក្រមាមាស ដែលជាអ្នកដំឡើងសាច់រឿង និងឈុតឆាកវាយតប់។ យ៉ាងណាមិញ កាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២០ ភាពយន្តនៅដំណើរការធ្វើសន្និសីទបង្ហាញតួអង្គ និង​ដាក់បញ្ចាំងជូនភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មានបានទស្សនាមុន​ពេលដាក់បញ្ចាំងផ្លូវការ។

លោកគ្រូតាក្រមាមាស សាន គឹមស៊ាន បានថ្លែងបញ្ជាក់ថា នៅជាភាពយន្តដែលមានកូនសិស្ស និង​អ្នកជំនាញផ្នែកក្បាច់គុនល្បុក្កតោ រហូតដល់រាប់រយនាក់ចូលសម្ដែង ដោយប្លង់ភាគច្រើន ក៏ស្ដែងបង្ហាញពីក្បាច់គុនដ៏រស់រវើក។ លោកចាត់ទុកថា ភាពយន្តនេះនឹងក្លាយជាកម្រងឯកសារមួយ សម្រាប់​ចែកចាយដល់ក្មេងជំនាន់ក្រោយ និងក៏ជាស្នាដៃដែលកាន់តែធ្វើឲ្យមានការទទួលស្គាល់ ចំពោះក្បាច់គុននេះរបស់ខ្មែរ​។ លោកថា ភាពយន្តនេះ នឹងអាចលើកពេលបញ្ចាំង នៅចុងខែមេសា ប្រសិនបើផលប៉ះពាល់របស់ជំងឺកូវីត នៅតែបង្កការភ័យខ្លាច។ តែបើគ្មានការប្រែប្រួលទេ គឺការដាក់បញ្ចាំង នៅថ្ងៃទី៣០ មេសា ក្រោយចូលឆ្នាំ។

លោក តឹក ង៉ូយ ហៅស្ដេចនំដូណាត់ ដែលជាអ្នកបោះទុនផលិត បានអះអាងថា លោកពិតជាមោទនភាពនឹងភាពយន្តនេះយ៉ាងខ្លាំង ទើបលោករៀបចំឲ្យមានការដាក់បញ្ចូល ជាលក្ខណៈបង្ហាញជូនដល់ភ្ញៀវកិត្តិយសមួយចំនួនជាមុន មិនការដាក់បញ្ចាំងលក់សំបុត្រ នឹងមកដល់នៅជាងមួយខែទៀត។ លោកគ្រោងយកភាពយន្តនេះ ទៅបង្អួតលើឆាកអន្តរជាតិ តែក៏ទាមទារឲ្យមានការគាំទ្រ នៅក្នុងស្រុកជាមុនសិន ដើម្បីបានដឹងពីភាពខ្លាំងក្លារបស់ក្បាច់គុនខ្មែរ៕​