(ថៃ)៖ ពិធីករប្រុសក្នុងកម្មវិធីប្រដាល់របស់ថៃលោក Matthew និងភរិយាគឺ Lydia ត្រូវបានមហាជនសង្កេតឃើញថា មានសុខភមង្គលយ៉ាងខ្លាំង ក្នុងក្រុមគ្រួសារដែលមានកូនប្រុសម្នាក់ស្រីម្នាក់។ ថ្មីៗនេះ ស្រាប់តែលោក Matthew ត្រូវបានធ្វើតេស្ត ឃើញថាមានផ្ទុកកូវីដ១៩ ហើយពេលនេះ លិទ្ធផលធ្វើតេស្តចំពោះភរិយាក៏ចេញមកហើយដែរ គឺបានឆ្លងកូវីដ១៩ពីស្វាមី ដែលធ្វើឲ្យអ្នកទាំងពីរ ឃ្លាតឆ្ងាយពីកូនៗប្រុសស្រីតូចៗរបស់ពួកគេ។

ជាក់ស្តែង ក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ Lydia ភរិយារបស់ពិធីករ Matthew បានបង្ហោះសារ ក្នុងន័យជូនដំណឹងទៅកាន់មហាជនថា នាងបានឆ្លងកូវីដ១៩។ ដោយក្នុងសារនោះ ក៏បានបង្ហាញពីអារម្មណ៍ជាម្តាយឪពុក ត្រូវរស់នៅឆ្ងាយពីកូនៗ ដែលកំពុងពេញស្រឡាញ់ផងដែរ។ ទោះបែបនេះក្តី Lydia និងស្វាមី បានបង្ហាញអារម្មណ៍រឹងមាំរៀងៗខ្លួន ជាមួយក្តីសង្ឃឹមខ្ពស់ ក្នុងការប្រយុទ្ធជាមួយនឹងជំងឺមួយនេះ។

យ៉ាងណាមិញ នៅមិនទាន់មានព័ត៌មានអំពីកូនប្រុសស្រីទាំងពីរបស់លោក Matthew និងLydia នោះទេថា តើសុខភាពពួកគេយ៉ាងណាហើយនោះ។ ទន្ទឹមគ្នានេះ អ្នកលេងបណ្តាញសង្គម ក៏ដូចជាអ្នកគាំទ្ររបស់តារាប្រុសស្រីទាំងពីរ បានផ្ញើរសារជូនពរ និងលើកទឹកចិត្តអ្នកទាំងពីរជាបន្តបន្ទាប់ ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ១៩នេះ៕