(ក្រុងរ៉ូម)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់នៃប្រទេសអុីតាលី បានធ្វើការស្នើសុំ UEFA ដើម្បីពន្យារពេលនៃ ការប្រកួត Euro 2020 ក្នុងខណៈវីរុសកូរូណា ឬ Covid-19 កំពុងរីករាលដាលខ្លាំងនៅប្រទេសនេះ ក៏ដូចជាទូទាំងសកលលោកជាដើម។

ក្នុងសេចក្តីថ្លែងការណ៍របស់លោក Gabriele Gravina ដែលជាប្រធានបាល់ទាត់អុីតាលីត្រូវបានដកស្រង់ដោយ BBC បានឲ្យដឹងថា រូបលោកនឹងដាក់សំណើអំពីការផ្អាកការប្រកួត Euro 2020 ទៅ UEFA ក្នុងកិច្ចប្រជុំប្រតិបត្តិរបស់ស្ថាប័នអឺរ៉ុបនាថ្ងៃអង្គារស្អែកនេះ។

លោកថា «សំណើផ្អាកការប្រកួតនេះ គឺដើម្បីបញ្ចៀសការឆ្លង Covid-19 ក៏ដូចជាលីគ Serie A នៅពុំទាន់បញ្ចប់នៅឡើយផងដែរ ដោយយើងបានផ្អាកតាំងពីថ្ងៃអង្គារ ដើមសប្តាហ៍មុនមកម្ល៉េះ»

គួរបញ្ជាក់ផងថា អុីតាលីជាប្រទេសមួយដែលត្រូវបានជ្រើសរើសចាប់ផ្តើមប្រកួត Euro 2020 មុនគេនាពាក់កណ្តាលខែ មិថុនាខាងមុខ ក្នុងចំណោមជាង ១០ដែលត្រៀមធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍មានរយៈពេល ៤ឆ្នាំម្តង ដោយកំពុងរងផលប៉ះពាល់ដោយ Covid-19 ឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីចិន ដោយមានជាង ២០០០០ករណី និងស្លាប់កើនដល់ ៣៦៨នាក់ដោយសារជំងឺដ៏កាចសាហាវខាងលើនេះ៕