(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាម២០២០ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅប្រទេសកម្ពុជាបានកើនដល់១២នាក់ហើយ។ ស្របពេលនៃការរាតត្បាតនៃកូវីដ១នេះ បានធ្វើឲ្យពិធីមង្គលការរបស់តារាចម្រៀងប្រុសហ៊ុន បរិញ្ញា ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី២៥ ខែមីនា ខាងមុខ ត្រូវបានពន្យាពេល។

ភរិយារបស់លោក ហ៊ុន បរិញ្ញា បានសរសេរសារតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «យើងខ្ញុំទាំងពីរនាក់​ ព្រមទាំងលោកពុកអ្នកម្តាយទាំងសងខាង សូមខន្ដីអភ័យទោសដល់ ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក/លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដែលជាថ្ងៃសិរីមង្គលរបស់យើងខ្ញុំទាំងពីរ និងប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ (អាគាA) ត្រូវបានពន្យាពេលលើកថ្ងៃ ដោយសារតែមានមេរោគ Covid-19 អាស្រ័យដូចហេតុខាងលើ យើងទាំងពីរព្រមទាំងក្រុមគ្រួសារទាំងសងខាង សូមអភ័យទោស តាមរយៈ Account Facebook របស់នាងខ្ញុំផ្ទាល់។ យើងខ្ញុំទាំងពីរ​ សូុមជូនពរ​ អោយសុខភាពល្អ​ និងសំរេចជោគជ័យគ្រប់ភារកិច្ចទាំងអស់ និងឆ្លងឲ្យផុតទាំងអស់គ្នានៅជម្ងឺ Covid-19 នេះ. សូមបងប្អូនភ្ញៀវកិត្តិយសទាំងអស់ ជ្រាបជាព៌តមាន សូមអរគុណ»

គួរជម្រាបថា តាមរយៈការបង្ហោះសារជូនដំណឹងពីការពន្យាពេលពិធីមង្គលការរបស់ខ្លួន ពីសំណាក់អនាគតភរិយារបស់តារាចម្រៀងហ៊ុន បរិញ្ញា នេះផងដែរ បានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គម មានការចាប់អារម្ម៍យ៉ាងខ្លាំង។ ជាពិសេស គ្រប់គ្នាសុទ្ធតែលានមាត់ថា តារាខ្មែរលើកដំបូងដែលពន្យាពេលថ្ងៃមង្គលរបស់ខ្លួន ដោយសារ COVID-19៕