(ភ្នំពេញ)៖ បេក្ខនារី EAT WITH BEE បានឈ្នះជ័យលាភីក្នុងកម្មវិធី «CAMBODIAN NET IDOL» រដូវកាលទី២ ជាមួយទឹកប្រាក់ ២ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២០ដែលជាការប្រកួតធ្វើវីឌីអូ (Blogger) ហើយក្នុងនោះក៏មានបេក្ខជន​ ដែលមានឈ្មោះហៅក្រៅថា D.R ទទួលបានលេខ ២ និងបេក្ខជន MANITH ទទួលបានលេខ ៣ ខណៈការប្រកាសលទ្ធផលចុងក្រោយនេះ បានធ្វើឡើងនាថ្ងៃទី ១៤ខែមីនា ឆ្នាំ២០២០។

សម្រាប់ការប្រកួតធ្វើវីឌីអូ (Blogger) រដូវកាលទី ២ឆ្នាំ២០២០ ដោយប្រាក់រង្វាន់ដែលត្រូវទទួលបានលេខ១ បេក្ខនារី EAT WITH BEE ទទួលបាន ២ម៉ឺនដុល្លារ, លេខ ២ ទទួលបាន ១ម៉ឺនដុល្លារ​​​ បានទៅលើបេក្ខជន D.R និងលេខ ៣បានទៅលើបេក្ខជន Manith ទទួលបាន ៥ពាន់ដុល្លារ បន្ទាប់ពីឆ្លងកាត់ប្រកួតជម្រុះអស់រយៈពេល ៩វគ្គកន្លងមកនេះ។

ក្រោយរកឃើញម្ចាស់ជ័យលាភី គឺបេក្ខនារី EAT WITH BEE ដែលបានធ្វើវីឌីអូ ដែលនិយាយពីពេលវេលាប្រចាំថ្ងៃរបស់ខ្លួន​ មានឈ្មោះថា Food Blogger ដែលចង់បង្ហាញពីការរស់នៅប្រចាំថ្ងៃ ខណៈជ័យលាភីលេខ ១នេះក្រៅពីទទួលបានប្រាក់រង្វាន់ ២ម៉ឺនដុល្លារហើយនោះ ក៏នឹងទទួលបាន ការចុះកុងត្រា១ ឆ្នាំជាមួយក្រុមហ៊ុន Machha talent agency និងទទួលបានទូរស័ព្ទចល័តពីក្រុមហ៊ុន Xiaomi បន្ថែមលើគម្រោងទូរស័ព្ទចល័តគ្មានដែនកំណត់ ពេញ ១ឆ្នាំពីក្រុមហ៊ុន Yes018។

សូមបញ្ជាក់ថា ក្នុងកម្មវិធីនោះផងដែរ​ ក៏មានការចូលរួមពីសំណាក់កញ្ញា កុសុម៉ា កញ្ញា Nikki Nikki និង ​លោកសម្បត្តិ និងបានចែករំលែកពីបទពិសោធន៍របស់ពួកគេ ជាមួយបេក្ខភាពទាំងអស់ក្នងការសម្តែង និងបំពេញតួនាទីជាអ្នកណែនាំបេក្ខភាពទាំងអស់ តាមរយៈវិញ្ញាសារប្រកួតប្រចាំសប្តាហ៍ និងជួយផ្តល់ដំបូងន្មាន និងបទពិសោធន៍ល្អៗ ដល់ពួកគេឱ្យរីកចម្រើនកាន់តែប្រសើរឡើង​ ក្នុងការបង្កើតមាតិកា ការទទួលបានអ្នកគាំទ្រ និងការបង្កើតបុគ្គលិកលក្ខណៈមួយតាមប្រព័ន្ធអ៊ីនធើណែត៕