(ហ្សូរិច)៖ លោក Dominique Blanc ប្រធានសហព័ន្ធកីឡាបាល់ទាត់ស្វីសត្រូវបានធ្វើតេស្តវិជ្ជមាននៃវីរុសកូរូណា ឬ Covid-19 នាពេលថ្មីៗនេះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា បុរសវ័យ ៧០ឆ្នាំខាងលើនេះ មានអាការៈឈឺក និងលាយឡំដោយក្អកផងដែរ ដែលជារោគសញ្ញានៃជំងឺផ្តាសាយ មុនពេលត្រូវបានពិនិត្យឃើញវិជ្ជមានអំពី Covid-19 និងកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេទៀតផង។

ជាមួយគ្នានោះដែរ ការប្រកួតបាល់ទាត់គ្រប់កម្រិតនៅប្រទេសស្វីស ត្រូវបានផ្អាកជាបណ្តោះអាសន្នសិន បន្ទាប់ពីប្រទេសនៅទ្វីបអឺរ៉ុបមួយនេះទទួលរងនូវការរីករាលដាល Covid-19 និងត្រឹមតែរយៈពេល ២៤ម៉ោង មានករណីឆ្លង ៨០០ករណី ដែលកើនដល់ ២២០០ករណីហើយមកទល់នឹងពេលនេះ។

ថ្មីៗនេះដែរ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA ក៏បានធ្វើការកោះប្រជុំជាបន្ទាន់តាមរយៈ Video Conference ក្នុងចំណោមសមាជិកភាពទាំង ៥៥នាក់ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី១៧ ខែមីនាស្អែកនេះក្នុងការទប់ស្កាត់នៃការរីករាលដាល Covid-19 និងការរៀបចំកាលបរិច្ឆេទថ្មីនៃកម្មវិធី Euro 2020, Champions League និង Europa League ជាដើម៕