(ភ្នំពេញ)៖ កញ្ញាចាន់ធី ដាឡែន គឺជាតារាសម្តែង និងជាតារាម៉ូដែលស្រីមួយរូប ដែលមានរូបសម្រស់ស្រស់សោភាព។ រយៈពេលពេល៦ឆ្នាំ នៃការចូលសិល្បៈ តារាស្រីដួងនេះ បានសាងស្នាដៃសម្តែងភាពយន្តជាច្រើន ឲ្យបណ្តាស្ថានីយទូរទស្សន៍នានា។ ក្នុងនោះប្រភេទតួអង្គដែលនាងសម្តែង គឺជាមនុស្សស្រីរូបស្រស់ រាយមន្តស្នេហ៍ដាក់មនុស្សៗទាំងពួង ។ យ៉ាងណាមិញ កញ្ញាចាន់ធី ដាឡែន ស្រាប់តែបង្ហើបថា ក្នុងរឿងមួយ ដែលនាងសម្តែងជាមនុស្សស្រីយកសាហាយច្រើន រហូតដល់ ១២នាក់, ពេលដល់វេន ដើរតួជាស្រីកំណាន់របស់លោក ជា សំណាង ហាក់ពិបាកសម្តែង ព្រោះតែកន្លងមក ធ្លាប់សម្តែងជាតួកូនរបស់លោក ប៉ុន្តែពេលមកសម្តែងជាតួអោបថើបគ្នាស្និតស្នាល បែរជាពិបាកទៅវិញ។
ការលើកឡើងបែបនេះរបស់ ចាន់ធី ដាឡែន គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News។ តាមរយៈការសាកសួរពីសំណាក់ពិធីករនិងពិធីការិនី ក្នុងកម្មវិធី តួស្រីក្នុងរឿង «នាងសំណាង» រូបនេះ បានបង្ហាញប្រាប់ទស្សនិកជនជាច្រើន ពីការងារសិល្បៈរបស់នាង។ ដោយក្នុងនោះ នាងចូលសិល្បៈតាំងពីឆ្នាំ២០១៤ មកម៉្លេះ។ ក្រៅពីសម្តែងភាពយន្ត នាងក៏ជាតារាបង្ហាញម៉ូតឯកជន សម្រាប់កម្មវិធីផ្សេងៗផងដែរ។
តួអង្គភាគច្រើន ដែលផលិតករតម្រូវឲ្យនាងសម្តែង គឺជាប្រភេទតួស្រីពិសពុល មានស្នេហាពីមួយទៅមួយ ជាដើម ព្រោះតាមរយៈសម្តែងជាតួអង្គបែបនេះ គឺសាកសមនឹងទឹកមុខ សមត្ថភាពរបស់នាង រហូតពេលខ្លះ ធ្វើឲ្យទស្សនិកជន ស្អប់ ជេរនាងថែមទៀតផង ក្រោយមើលភាពយន្តនោះហើយ។ ទាំងនេះ អាចនិយាយបានថា ទេពកោសល្យសម្តែងរបស់នាង គឺលេងដល់ចំណុចតែម្តង។
តែយ៉ាងណា នៅតែមានភាពលំបាកសម្រាប់នាង ក្នុងការសម្តែង ជាក់ស្តែងដូចបានលើកឡើងខាងលើ ធ្លាប់តែសម្តែងជាកូនស្រីរបស់លោកជា សំណាង ពេលមកសម្តែងជាតួស្រីកំណាន់ ហាក់ពិបាកលេង ព្រោះតែពិបាកបញ្ចូលអារម្មណ៍។ ទោះបែបនេះក្តី នាងនៅតែសម្តែងទាល់តែបាន ព្រោះគិតថាជាតារាសម្តែង ត្រូវតែអាចធ្វើបានគ្រប់តួអង្គ។
គួរជម្រាបថា តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញាចាន់ធី ដាឡែន បានឲ្យដឹងថា នាងជាអ្នកខេត្តកណ្តាល ក្នុងចំណោមបងប្អូនទាំងអស់ មានតែនាងម្នាក់ប៉ុណ្ណោះ ជាអ្នកសិល្បៈ។ នាងថា ស្រឡាញ់សិល្បៈតាំងពីក្មេងមកម្ល៉េះ ហើយពេលនេះបានសម្រេចបំណងហើយ។ អ្វីដែលត្រូវធ្វើបន្ត គឺខិតខំព្យាយាម ក្នុងការងារសិល្បៈឲ្យល្អជាបច្ចុប្បន្ន៕
(កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ឧបត្ថម្ភធំដោយ សិប្បកម្ម រ៉ារី)