(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោន បាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង តាមរយៈការរក្សាបាននូវភាពខ្លាំងរបស់ខ្លួនក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ៥សប្ដាហ៍កន្លងទៅ ពិសេសប្រកួតចុងក្រោយ ដោយពួកគេបានយកឈ្នះក្រុមអង្គរថាយហ្គឺរ ១-០ ដើម្បីរក្សាកៅអីកំពូលតារាង និងជាក្រុមមិនទាន់របូតគ្រាប់បាល់សោះផងដែរ។

ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋាន RSN កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ វគ្គទី១ ក្រុមទាំងពីរ មិនអាចបំប៉ោងសំណាញ់ទីគ្នាបានទេ ដ្បិតមានឱកាសដូចគ្នា។ ចូលវគ្គទី២ កីឡាករ Paulo Victor បានស៊ុតបំបែកពងមាន់ក្រុមភ្ញៀវ ១គ្រាប់នៅនាទី៥៦ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង បន្ទាប់ពីក្រុមទាំងពីរព្យាយាមវាយបកគ្នាបន្ថែម តែធ្វើមិនបានសម្រេច។

ជ័យជម្នះខាងលើបានធ្វើឲ្យក្រុមសិង្ហក្រហមភ្នំពេញក្រោន បន្ដឈរកំពូលតារាង និងមាន ១៣ពិន្ទុ ស្មើគ្នាជាមួយក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ដែលបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-០ គ្រាន់តែភ្នំពេញក្រោន មានគ្រាប់បាល់ចំណេញច្រើនជាងជាមួយលទ្ធផល ៥ប្រកួត ឈ្នះ៤ និងស្មើ១ ស៊ុតគូប្រជែង ១៧គ្រាប់ តែមិនទាន់មានក្រុមណាអាចបំប៉ោងសំណាញ់ទីអតីតក្រុមជើងឯក ៦សម័យកាលនេះបានឡើយ៕