(ភ្នំពេញ)៖ ការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមម្ចាស់ផ្ទះវិសាខា បានរបូត ៣ពិន្ទុ ក្រោមថ្វីជើងរបស់ក្រុមកងយោធពលខេមរភូមិន្ន ក្នុងលទ្ធផល ១-០ នៃលីគកំពូលកម្ពុជា ក្នុងសប្តាហ៍ទី៥ រដូវកាលឆ្នាំ២០២០ នាល្ងាចថ្ងៃទី១៥ ខែមីនានៅកីឡដ្ឋានព្រីនស៍។

គ្រូបង្វឹកក្រុមវិសាខា លោក COLUM CURTIS បានបង្ហាញអារម្មណ៍សោកស្តាយសម្រាប់លទ្ធផលនេះ ខណៈក្នុងការប្រកួតវិសាខា ពិតជាមានឱកាសច្រើនក្នុងការស្វែងរកគ្រាប់បាល់ បើទោះបីជាមានកីឡាករល្អច្រើន តែការលេងហាក់ដូចជាប្រញាប់ខ្លាំង បានជាធ្វើឲ្យខកខានបែបនេះ។ វិសាខា បច្ចុប្បន្នបាននឹងកំពុងតែឈរលេខរៀងទី៣ និងរកបានតែ ៩ពិន្ទុក្នុងចំណោម ៥ប្រកួតមកនេះ។

សម្រាប់ជ័យជម្នះរបស់កងយោធពលខេមរភូមិន្ន ដែលដឹកនាំដោយលោក ទេព ឡុងរចនា ក៏បានសរសើរទៅលើការរៀបចំរបស់ក្រុមខ្លួនពិតជាធ្វើបានល្អ បើទោះបីជារកបាន ៣ពិន្ទុពីក្រុមខ្លាំងវិសាខា ដោយលោកបានលើកឡើងថា វិសាខា ជាក្រុមល្អមួយក្នុងលីគកំពូលកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងចុងក្រោយសម្រាប់ជ័យជម្នះបានកើតចេញពីការរៀបចំបានល្អមុនការប្រកួត និងកើតចេញពីកីឡាករដែលមានចិត្តចង់ឈ្នះការប្រកូត៕