(ភ្នំពេញ)៖ តារាសម្តែង និងជាតារាចម្រៀងប្រុស បញ្ញា សិទ្ធ បន្ទាប់ពីមានរឿងអាស្រូវ កាលពីមួយរយៈមុនរួចមក បច្ចុប្បន្ននេះ ត្រូវបានទស្សនិកជនសង្កេតឃើញថា ហាក់មានសន្ទុះទីផ្សារខ្លាំងគួរឲ្យកត់សម្គាល់។ ការលើកឡើងបែបនេះ ដោយសារតែ លោកបញ្ញា សិទ្ធ បង្ហើបថាលោកទទួលបានឪកាសថតភាពយន្ត រហូតដល់ទៅ៥រឿង បន្តបន្ទាប់ឯណោះ។ ងាកមកសិល្បៈក្រៅប្រទេសវិញ ក៏មានទីផ្សារណាស់ដែរ ពោលត្រូវបានបណ្តាស្ព័នស័រទាក់ទងឲ្យទៅសម្តែង នៅក្រៅប្រទេសជាបន្តបន្ទាប់ បើសរុបទៅ ៣ប្រទេសឯណោះ ដែលលោកត្រូវទៅសម្តែង។ តែយ៉ាងណា ឪកាសចេញទៅក្រៅប្រទេសលើកនេះ ត្រូវបានខកខាន ដោយសារតែការរាតត្បាតជាសាកល នៃវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19។

ក្នុងបទសម្ភាសន៍រយៈទូរស័ព្ទជាមួយក្រុមការងារ Fresh News និង KhmerTalking លោក បញ្ញា សិទ្ធ បានឲ្យដឹងថា បច្ចុប្បន្នការងារសិល្បៈ​របស់លោកមមាញឹកយ៉ាងខ្លាំង ស្ទើររកពេលទំនេរគ្មាន។ និយាយឲ្យចំទៅ លោកទទួលថតខ្សែភាពយន្តជាបន្តបន្ទាប់ ឲ្យបណ្តាស្ថានីយទូរទស្សន៍នានា បើសរុបទៅ៥រឿងឯណោះ ដែលរឿងខ្លះថតរួចហើយ រឿងខ្លះកំពុងថត និងរឿងខ្លះទៀតកំពុងបញ្ចាំង។

លោក បញ្ញា សិទ្ធ បន្តថា ងាកមកការងារសិល្បៈក្រៅប្រទេសវិញ លោកមានគម្រោងចេញទៅសម្តែងនៅបីប្រទេសផ្សេងគ្នាក្នុងនោះមានដូចជា អូស្រ្តាលី កាណាដា និងថៃ ប៉ុន្តែដោយសារតែការរាតត្បាតនៃវីរុសកូរ៉ូណា ការចេញទៅសម្តែងក្រៅប្រទេសរបស់លោក ត្រូវបានខកខាន។ លោកថា ការខកខាននេះ ដោយសារតែម្ចាស់ស្ព័នស័រ ដែលធានាលោកទៅសម្តែង ធ្វើការពន្យាពេលកម្មវិធី ព្រោះដោយសារតែការរាតត្បាតនៃកូរ៉ូណាវីរុស កម្មវិធីជួបជុំនានាផ្សេងៗដែលមានមនុស្សច្រើន មិនសូវមានអ្នកហ៊ានទៅមើល។

ទោះបែបនេះក្តី លោកបញ្ញា សិទ្ធ នៅតែបន្តភាពមមាញឹកជាមួយអាជីពរបស់ខ្លួន ដោយបានត្រៀមចម្រៀងប្រពៃណីខ្មែរ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតចូលមកដល់ខាងមុខនេះ រហូតដល់ទៅពីរបទ សម្រាប់បងប្អូនប្រជាជនខ្មែររាំលេងសប្បាយ។ ក្រៅពីនេះ លោកនឹងមានចម្រៀង Original Song បន្តបន្ទាប់ទៀត ដើម្បីកំដរអារម្មណ៍ទស្សនិកជន៕