(ភ្នំពេញ)៖ ទោះបីជាមិនទទួលបានជយលាភីក្នុងកម្មវិធី ប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ក្ដី ប៉ុន្តែទីផ្សារសិល្បៈ របស់តារាចម្រៀងលោក សំ សុវណ្ណារ៉ាក់ ហាក់ឡើងកូដ និងមានប្រជាប្រិយភាពខ្លាំង ខណៈលោកតែងតែលេចវត្តមានក្នុងការប្រគំតន្ត្រីនានា ទាំងនៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ ទើបតែបញ្ចប់ការប្រឡងចម្រៀងក៏ពិតមែន តែលោក សំ សុវណ្ណារ៉ាក់ ឆក់បានឱកាសសម្ដែងភាពយន្ត របស់ស្ថានីយទូរទស្សន៍ហង្សមាស ជាលើកដំបូងទៀតផង​។

ស្របពេល សម្ដែងក្នុងខ្សែភាពយន្តជាលើកដំបូងហើយនោះ តារាចម្រៀងពន្លកថ្មីក្នុងផលិតកម្ម ហង្ស មាស លោក សំ សុវណ្ណរ៉ាក់ ក៏បានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួន មួយបទមានចំណងជើងថា «ឮបាស់មួយស្រុក» ដែលជាចង្វាក់ញាក់កន្រ្តាក់អារម្មណ៍ ជូនដល់បងប្អូនទស្សនិកជន​សណ្ដាប់ និងរាំលេងកម្សាន្តនាឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលខិតជិតមកដល់នាពេលខាងមុខនេះ​។

បទចម្រៀង «ឮបាស់មួយស្រុក» ពិតជាមានភាពទាក់ទាញខ្លាំង ព្រោះ ទឹកដមសំឡេងពីរោះ និងស៊ីជាមួយនឹងចម្រៀង​នោះទេ ពោលគឺថែមទាំងមានការបញ្ចេញនូវក្បាច់រាំ យ៉ាងរស់រវើកទៀតផង។ ទស្សនិកជនជាច្រើន បានធ្វើការកោតសរសើរមិនដាច់ពីមាត់ពី សំ សុវណ្ណារ៉ាក់ មានទាំងរូបសម្រស់សង្ហា​ មានទេពកោសល្យសិល្បៈពេញខ្លូនទាំងច្រៀង និងអាចសម្ដែងបាន​។

គួរបញ្ជាក់ថា លោក សំ សុវណ្ណារ៉ាក់ គឺជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀង X Factor Cambodia ដែលស្ថិតនៅក្នុងក្រុមរបស់ អ្នកនាង ឱក សុគន្ធកញ្ញា។ ក្រោយបញ្ចប់ការប្រឡងចម្រៀងមួយនេះ សំ សុវណ្ណារ៉ាក់ មានទីផ្សារសិល្បៈខ្លាំង តែងលេចវត្តមានក្នុងការប្រគំតន្រ្តីនានា ថែមទាំងឆក់បានឱកាសសម្ដែងភាពយន្ត​ របស់ទូរទស្សន៍ហង្សមាស៕