(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Liverpool នៅតែមានសង្ឃឹមខ្ពស់ក្នុងការគ្រងតំណែងជើងពានរង្វាន់ Premier League រដូវកាលឆ្នាំ២០១៩-២០២០ បើទោះបីជាការប្រកួតនៅសល់ ៩សប្តាហ៍ទៀត ត្រូវបានផ្អាកជាបណ្តោះអាសន្នក៏ដោយ ដោយសារវិបត្តិវីរុស Covid-19 បានកំពុងរីករាលដាលខ្លាំងជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ Telegraph។

ក្រុមដែលមានរហស្សនាម «ហង្សក្រហម» មួយនេះ នឹងមិនបាត់បង់ខកខានឱកាសឈ្នះពានលំដាប់កំពូលអង់គ្លេសមួយនេះឡើយ ក្រោយរង់ចាំអស់រយៈពេល ៣០ឆ្នាំមកនេះ ដ្បិតរកបាន ៨២ពិន្ទុនាំមុខកំពូលតារាងដាច់គិតត្រឹម ២៩សប្តាហ៍មកនេះ នាំមុខក្រុមលេខ២ ដែលជាក្រុមការពារជើងឯក Manchester City ដល់ទៅ ២៥ពិន្ទុ ដែលមានតែ ៥៧ពិន្ទុ (Man City)។

កិច្ចប្រជុំជាបន្ទាន់មួយដែលត្រូវធ្វើឡើងដោយសហព័ន្ធបាល់ទាត់អង់គ្លេស FA ជាមួយបណ្តាក្លិបដទៃទៀត គឺបានឯក ភាពគ្នាក្នុងការផ្អាកប្រកួតជាបណ្តោះអាសន្ន រង់ចាំដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ទើបចាប់ផ្តើមទៀត ដើម្បីជៀសវាងនៃវីរុស Covid-19 គ្រាដែលប្រទេសស្ថិតនៅទ្វីបអឺរ៉ុបមួយនេះមានអ្នកស្លាប់កើនដល់ជិត ២០នាក់ និងមានផ្ទុកជិត ១០០០នាក់។

Premier League ជាពានទី២ ដែលក្រុមរបស់លោក Jurgen Klopp គ្រោងនឹងឈ្នះនារដូវកាលនេះ បន្ទាប់ពីពាន FIFA Club World Cup ដែលបានឈ្នះនៅប្រទេសកាតា ដ្បិតពាន FA Community Shield, League Cup, FA Cup និង UEFA Champions League សុទ្ធតែបានរបូតអស់ហើយ៕