(ក្រុងឡុងដ៍)៖ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ផ្សេងៗនៅប្រទេសអង់គ្លេស ត្រូវបានសម្រេចផ្អាកការប្រកួតជាបណ្តោះអាសន្ន ដោយសារតែការ​រាតត្បាតខ្លាំងនៃវីរុសកូរូណា ឬហៅថា Covid-19 ទូទាំងសកលលោកនាពេលបច្ចុប្បន្ននេះ។

ការសម្រេចព្យួរនេះ ត្រូវធ្វើឡើង និងឯកភាពគ្នាក្នុងកិច្ចប្រជុំជាបន្ទាន់មួយនាថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ នេះ ពីបណ្តាថ្នាក់ដឹកនាំក្លឹបនៅ EFL, FA Cup និង Premier League ជាមួយប្រធាន FA បន្ទាប់ពីរកឃើញលោក Mikel Arteta អ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenal និងកីឡាករ ៤រូបផ្សេងទៀត ធ្វើតេស្តវិជ្ជមាន ថាមានផ្ទុក Covid-19 នាពេលថ្មីៗនេះ។

ការសម្រេចផ្អាកនេះ គឺរង់ចាំដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ទើបដំណើរការប្រកួតធម្មតាវិញ តែបើករណីនៅតែ មិនធូរស្បើយ អាចបន្តពន្យារពេលទៀត គ្រាដែលសហព័ន្ធបាល់ទាត់អង់គ្លេស ក៏នឹងធ្វើយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។

គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍ Premier League របស់អង់គ្លេសនៅសល់ ៩សប្តាហ៍ទៀតនឹងបិទរដូវកាល ខណៈ Liverpool សង្ឍឹមលើកពាននេះផងដែរ ដោយកំពុងនាំមុខកំពូលតារាងដាច់គិតត្រឹមសប្តាហ៍ទី២៩ ជើងទី២ នេះ គ្រាដែលកម្មវិធី FA Cup បានឈានដល់វគ្គ ៨ក្រុមចុងក្រោយ៕