(ភ្នំពេញ)៖ អតីតតារាកំប្លែង និងអ្នកលេងល្ខោនបាសាក់ល្បីឈ្មោះ អ្នកនាង ផន សុផារី ក្រោយពីរៀបការកសាងគ្រួសារជាមួយស្វាមី និងមានកូនស្រីម្នាក់ជាចំណងដៃ ដែលពេលនេះ​មានវ័យប្រមាណជា២ឆ្នាំហើយនោះ ពេលនេះនាងកំពុងពរពោះកូនទីពីរ តាមបំណងប្រាថ្នា ក្រោយត្រឡប់ពីដំណើរកម្សាន្តនៅតំបន់អឺរ៉ុប ជាមួយស្វាមីកាលពីពេលថ្មីៗនេះ ខណៈដែលលទ្ធផលនៃការពរពោះនេះ ធ្វើឲ្យស្វាមី រួមទាំងនាងផ្ទាល់រំភើបជាខ្លាំង។

យោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់​អ្នកនាង ផន សុផារី បានបង្ហាញពីលទ្ធផលតេស្តទឹកនោម ដែលបញ្ជាក់ថា នាងកំពុងតែពរពោះកូនទីពីរ ព្រមទាំងនាងបានបង្ហាញអារម្មណ៍រំភើបថា ​«ចេះតែឆ្ងល់ថា ប៊ែលឡា ចេះតែឈឺ ប៉ាប៊ែលឡាចេះតែងងុយគេង ម៉ោងជិត១២យប់ងើបឃ្លានម្ជូរ នាំគ្នាចាញ់អាញ៉ក់សោះ»។ ជាមួយនឹងដំណឹងដ៏រីករាយនេះ ក៏មានការចូលរួមអបអរសាទរ ពីសំណាក់មិត្តភិក្ត ក៏ដូចជាអ្នកគាំទ្រ ដ៏អតីតតារាកំប្លែងអ្នកនាង ផន សុផារី ដែលកំពុងមានផ្ទៃពោះកូនទី២ តាមបំណង។

ដោយឡែក ទោះបីជាកំពុងមានផ្ទៃពោះក៏ពិតមែន តែអ្នកនាង ផន សុផារី គឺមានសុខភាពល្អជាធម្មតា ពោលគឺគ្មានអាការៈចាញ់នោះទេ តែបែរជាស្វាមីរបស់នាងជាអ្នកមានអាការៈ​ចាញ់ និងឃ្លានម្ជូរ ដូចស្រ្តីកំពុងពរពោះទៅវិញ នេះបើតាមការឲ្យដឹងពីអ្នកនាង ផន សុផារី។

គួរបញ្ជាក់ថា ផន សុផារី ត្រូវបានគេចាត់ទុកថា ជាអ្នកសិល្បៈមួយរូប ដែលមានជីវិតហ៊ឺហារ មានផ្ទះវីឡាធំស្កឹមស្កៃ និងមានគ្រួសារពោរពេញដោយសុភមង្គល​។ ក្រៅពីសិល្បៈ អ្នកម្ដាយរូបនេះ ក៏ជាអ្នកលក់ផលិតផលថែរក្សាសម្រស់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនទៀតផង៕