(មែលប៊ន)៖ ការប្រកួតប្រណាំរថយន្ត Formula 1 នៃព្រឹត្តិការណ៍ Australian Grand Prix 2020 ត្រូវបានលុបចោល ដោយហេតុផលក្នុងការទប់ស្កាត់នៃការឆ្លងមេរោគ COVID-19 ខណៈក្រុមប្រណាំង McLaren បានដកខ្លួនចេញមុនការប្រកួតមកដល់។ ការប្រកួតដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

ក្រុមប្រណាំង McLaren បានដកខ្លួនចេញពីការប្រកួតនេះ ដោយហេតុថា បានរកឃើញសមាជិកម្នាក់មានផ្ទុកមេរោគ COVID-19 ក្រោយធ្វើតេស្តវិជ្ជមាន ហើយការប្រកាសជាផ្លូវការនេះ ក៏ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនានេះ ស្របពេលបុគ្គលដែលបានផ្ទុកវីរុសនេះ ក៏បានស្នាក់នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលីដែរ។

បច្ចុប្បន្នជើងខ្លាំង Sebastian Vettel សមាជិកក្រុម Ferrari និង Kimi Raikkonen របស់ក្រុម Alfa Romeo ក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ហើយសមាជិក ១៤នាក់របស់ក្រុម McLaren ត្រូវបានដាក់ឲ្យនៅសណ្ឋគារមួយដាច់ដោយឡែកពីគេក្នុងរយៈពេល ១៤ថ្ងៃ បន្ទាប់ពីមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ៕