(ភ្នំពេញ)៖ អ្នកគាំទ្របានសម្ដែងការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងចំពោះក្រុមសូលទីឡូអង្គរ នាដើមរដូវកាលថ្មីនេះ ក្រោយរងបរាជ័យ ៤ប្រកួតផ្ទួនៗ ដែលធ្វើឲ្យក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ឈរបាតតារាង និងជាក្រុមរបូតគ្រាប់បាល់ច្រើនជាងគេទៀតផង។

ប៉ុន្ដែលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏បានបង្ហាញសុទិដ្ឋិនិយម ចំពោះក្លិបរបស់លោក Keisuke Honda នេះថា សូលទីឡូអង្គរ នឹងអាចគេចផុតពីចំណាត់ថ្នាក់បាតតារាង គ្រាន់តែឱកាសមិនទាន់មកដល់ ដោយសារលោកជឿជាក់ក្រុមនេះ មានលទ្ធភាពអាចឈរលេខ៨ ឬលេខ៩ បាន។

ការលើកឡើងនេះ ក្រោយណាហ្គាវើលដ៏បានយកឈ្នះសូលទីឡូអង្គរ ៤-២ កាលពីចុងសប្ដាហ៍កន្លងទៅ។ លោកបន្ដថា «សូលទីឡូអង្គរមិនមែនជាក្រុមអន់ឡើយ ទោះបី ៤ប្រកួតដំបូង ពួកគេធ្វើពុំបានល្អ តែក្រឡេកទៅមើលគូប្រកួតរបស់គាត់ ប៉ះសុទ្ធតែក្រុមខ្លាំង ដូចជាព្រះខ័នរាជស្វាយរៀង អង្គរថាយហ្គឺរ វិសាខា និងណាហ្គាវើលជាដើម...»

គ្រូកម្រិត A-License ដដែលបន្ដថា «ផ្អែកលើការប្រកួតកន្លងមក ខ្ញុំឃើញគាត់ (សូលទីឡូអង្គរ) អាចលើអគ្គិសនី និង U-18 បាទី ហើយប្រហាក់ប្រហែលប៉ូលិស និងអាស៊ីអឺរ៉ុប។ ចឹងពួកគាត់អាចប្រជែងលេខ៨ ឬលេខ៩ ក្នុងតារាងចំណាត់ថ្នាក់បាន មិនអាចដល់ថ្នាក់ឈរចំណាត់ថ្នាក់លេខ១៣ អញ្ចឹងទេ»

ក្រឡេកមកចាប់អារម្មណ៍សប្ដាហ៍នេះ សូលទីឡូអង្គរ នឹងត្រូវជួបក្រុមកម្រិតត្រដំត្រសងគ្នា គឺក្រុមនគរបាលជាតិ ដោយលើកការប្រកួតពីខេត្តសៀមរាប មកប្រកួតនៅកីឡដ្ឋាន AEU Sport Park ដែលជាប្រកួតទី៥ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា។ ហើយតាមការប្រមើលមើលរបស់អ្នកគាំទ្រ ការប្រកួតនេះ គេរំពឹងក្រុមទាំងពីរមានសង្ឃឹម ៥០% ដូចគ្នា ក្នុងការស្វែងរកជ័យជម្នះលើកដំបូង នៅក្នុងរដូវកាលថ្មីនេះ៕