(មេនឆេស្ទើ)៖ ការប្រកួតវគ្គ ១៦ក្រុមនៃពានរង្វាន់អឺរ៉ុប UEFA Champions League 2019-2020 ដែលជាការជួបគ្នារវាងក្រុមអង់គ្លេស Manchester city ប៉ះក្រុមអេស្ប៉ាញ Real Madrid នាសប្តាហ៍ក្រោយនៅកីឡដ្ឋាន Etihad ត្រូវបានពន្យារពេលការប្រកួតដោយសារបញ្ហាវីរុស COVID-19។

តាមរយៈការចេញផ្សាយដោយ BBC បានឲ្យដឹងថា ការពន្យារពេលប្រកួតដ៏ធំនេះ ត្រូវបានធ្វើឡើង ក្រោយពេល សមាជិក្រុមគ្រួសាររបស់កីឡាករខ្សែការពារ Benjamin Mendy រកឃើញមានផ្ទុក Covid-19 និងបង្ខំដាក់រូបគេឲ្យ នៅដាច់ដោយឡែកពីគេផងនោះ។

Manchester City បានយកឈ្នះ Real Madrid ២-១ កាលពីជើងទី១ នៅទឹកដីអេស្ប៉ាញនៅពីមុខទស្សនាផ្ទាល់ ក្នុងកីឡដ្ឋាន Santiago Bernabeu ជិត ១០ម៉ឺននាក់។

ដូចគ្នានោះដែរ ជំនួបជើងទី២ រវាងក្រុមសេះបង្កង់ Juventus និង Lyon នៅ UCL ក៏សម្រេចផ្អាកការប្រកួតបណ្តោះអាសន្នផងដែរ ដោយសារតែខ្សែការពារ Daniele Rugani របស់ Juventus ធ្វើតេស្តវិជ្ជមានលើវីរុស COVID-19 នាពេលថ្មីៗនេះ។

ថ្មីៗនេះដែរអ្នកចាត់ការទូទៅក្រុម Arsenal លោក Mikel Arteta និងខ្សែប្រយុទ្ធវ័យក្មេង Hudson-Odoi ដែលជាសមាជិកនៃក្រុមតោខៀវ Chelsea ក៏ត្រូវបានធ្វើតេស្តវិជ្ជមានលើវីរុស COVID-19។ សេចក្តីប្រកាស១ដែលចេញដោយក្លិប Real Madrid កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា មានកីឡាករបាល់បោះម្នាក់ចេញពីក្រុមធំ បានធ្វើតេស្តវិជ្ជមានលើ COVID-19៕