(អូទ្រីស)៖ ក្រុមអង់គ្លេស Manchester United បានបំបាក់ក្រុមម្ចាស់ផ្ទះអូទ្រីស LASK ក្នុងលទ្ធផល ៥-០ នៃការប្រកួតពានរង្វាន់លំដាប់ទី២ អឺរ៉ុប Europa League ក្នុងវគ្គ ១៦ក្រុម ជើងទី១ ដែលមានអ្នកទស្សនាប្រមាណតែ ៥០០នាក់ គ្រាដែលក្រុម Wolves បានត្រឹមស្មើ ១-១ ជាមួយក្រុម Olympiakos របស់ក្រិកដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

ក្នុងជ័យជម្នះ ៥-០ របស់ក្រុមលោក Ole ធ្វើបានសម្រេចដោយខ្សែបម្រើចំណូលថ្មី Ighalo នៅនាទី២៨ ហើយក្នុងនោះមាន James រកបាននៅនាទី៥៨ រួមជាមួយខ្សែបម្រើ Juan Mata បន្ថែមនៅនាទី៨២ និង Greenwood រួមទាំងមិត្តរួមក្រុម Pereira រកបាននៅនាទី៩០+១ និងនាទី ៩០+៣ ដែលការប្រកួតមានត្រឹមតែ ៥០០នាក់ប៉ុណ្ណោះដែលចូលរូមទស្សនាក្នុងកីឡដ្ឋាន Linzer Stadion នៅប្រទេសអូទ្រីស។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុម Man Utd មានគ្រាប់បាល់ចំណេញក្រៅដីដល់ទៅ ៥គ្រាប់ក្នុងជើងទី១ ខណៈការប្រកួតជើងទី២ នៅទឹកដីអង់គ្លេសនៃកីឡដ្ឋាន Old Trafford នឹងធ្វើឡើងនាថ្ងៃទី២០ ខែមីនា សប្តាហ៍ក្រោយនេះ ហើយក្នុងនោះខ្សែបម្រើ Ighalo បាននឹងកំពុងតែរកបាន ៤គ្រាប់ ក្នុងចំណោម ៨ប្រកួតជាមួយក្លិបបិសាចក្រហម៕