(សេអ៊ូល)៖ ទស្សនិកជនដែលតាមដានវិស័យ K-POP ប្រាកដជាជ្រាបច្បាស់ហើយថា តារាកូរ៉េស្រី Goo Hara បានទទួលមរទណភាព កាលពីប៉ុន្មានខែមុន ដោយសារជំងឺបាក់ទឹកចិត្ត។ តារាស្រីរូបនេះ បានបន្សល់ទុកទ្រព្យសម្បត្តិជាច្រើន បើតាមដឹងប្រមាណ ១០លានដុល្លារឯណោះ ក្រោយការស្លាប់របស់នាង។ ដោយឡែក ថ្មីៗនេះមានរឿងនឹកស្មានមិនដល់មួយ ដោយម្តាយរបស់ Goo Hara ដែលចាកចោលនាងជាង២០ឆ្នាំ មកទាមទារទ្រព្យសម្បតិ្តរបស់នាងពាក់កណ្តាល។ ពេលនេះ បងប្រុសរបស់នាង កំពុងដាក់ពាក្យបណ្តឹង ប្រឆាំងនឹងការទាមទាររបស់ម្តាយពួកគេ។

បងប្រុសរបស់ Goo Hara ធ្លាប់ប្រាប់សារព័ត៌មានថា ម្តាយរបស់ពួកគេបានចាកចោលពួកគេ តាំងពី Goo Hara មានអាយុ ៩ឆ្នាំមកម្ល៉េះ ហើយពេលនេះម្តាយពួកគេ ស្រាប់តែមកទាមទារទ្រព្យសម្បត្តិរបស់ Goo Hara ៥០%។ ពេលនេះ បងប្រុសរបស់ Goo Hara កំពុងដាក់ពាក្យបណ្តឹង ប្រឆាំងនឹងម្តាយរបស់ពួកគេ ក្នុងការមកទាមទារទ្រព្យសម្បត្តិដែលនាងបន្សល់ទុក។

ជាក់ស្តែង នៅថ្ងៃទី១២ ខែមីនា លោក Noh Jong Uhn មេធាវីរបស់បងប្រុស Goo Hara បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយពីជីវប្រវត្តរបស់ម្តាយ Goo Hara ថា ម្តាយពួកគេបានចាកចោលផ្ទះតាំងពី Hara មានអាយុ ៩ឆ្នាំ ហើយមិនមានទំនាក់ទំនងជាមួយគ្នា ជាង២០ឆ្នាំមកហើយ។ ពេល Hara នៅរស់នាងតែងតែបង្ហាញអារម្មណ៍ខឹងសម្បារ សោកស្តាយ ចំពោះការចាកចេញរបស់ម្តាយនាង។ ការចាកចោលរបស់ម្តាយនាង បានធ្វើឲ្យ Goo Hara រងការប៉ះពាល់ផ្លូវចិត្តជាខ្លាំង។

មេធាវីរូបនេះបន្តថា «បងប្រុសរបស់ Goo Hara មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលម្តាយរបស់ពួកគេមកទាមទារទ្រព្យសម្បតិ្តរបស់ Hara ដោយគ្មានហេតុផល ខណៈដែលម្តាយពួកគេបានចាកចោល មិនខ្វល់ពីពួកគេជាច្រើនឆ្នាំមកហើយនោះ...»

លោក Noh Jong Uhn បានបន្ថែមថា «បើតាមទស្សនៈមនុស្សជាតិ និងយុត្តិធម៌ចំពោះមុខច្បាប់ ម្តាយ Hara គួរតែបង្ហាញការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់កូន និងបោះបង់ការទាមទារមរតក»