(ភ្នំពេញ)៖ លោក ប៊ុត សារ៉ាវុធ ដែលជាតារាសម្តែងប្រុសសាច់ដុំធំៗ រាងសង្ហាមានមន្តស្នេហ៍ តែងតែថតរូបកំសាន្តជាមួយអ្នកគាំទ្រតាមទីសាធារណៈ ត្រូវបានមហាជនសង្កេតឃើញថា លោកហាក់ស្ងប់ស្ងាត់មួយរយៈពីការងារសិល្បៈ។ យ៉ាងណាមិញ ពេលនេះលោកបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី តាមរយៈចូលរួមសម្តែងក្នុងវីដេអូចម្រៀងរបស់សុគន្ធ នីសា ដែលជាតួអង្គអ្នករត់កង់បី ក្នុងចម្រៀង «លង់ស្នេហ៍ពូកង់បី»។ កាន់តែពិសេស ចុងបញ្ចប់នៃបទចម្រៀង លោកបានធ្វើឲ្យទស្សនិកជនទប់សំណើចមិនជាប់តែម្តង ព្រោះតែរឿងនឹកស្មានមិនដល់មួយ។

ពិតណាស់ តាមរយៈវីដេអូចម្រៀង «លង់ស្នេហ៍ពូកង់បី» របស់សុគន្ធ នីសា, លោកប៊ុត សារ៉ាវុធ បានពង្រាយមន្តស្នេហ៍ដ៏ស្រង់សង្ហារ ធ្វើឲ្យសុគន្ធ នីសា លង់ស្នេហ៍ដកចិត្តមិនរួច ចង់តែជិះកង់បីផ្ដោះផ្ដងសំដី។ តែយ៉ាងណា តួស្រីបែរជាខកបំណងវិញ ព្រោះបុរសដែលនាងតាមស្នេហ៍ ស្រឡាញ់បុរសដូចគ្នា ក្លាយជារឿងអស់សំណើច។

សម្តែងជាតួអង្គភេទទី៣ លោក ប៊ុត សារ៉ាវុធ ត្រូវបានអ្នកគាំទ្រសរសើរគ្រប់គ្នា ព្រោះលោកសម្តែងយ៉ាងសម លាយឡំជាមួយនឹងអត្ថន័យក្នុងបទចម្រៀងជក់ចិត្ត ត្រូវនឹងសាច់រឿងបច្ចុប្បន្ន ដែលមនុស្សភាគច្រើនចូលចិត្តជិះ PassApp ផងនោះ កាន់តែធ្វើឲ្យចម្រៀងមួយបទនេះមានទស្សនិកជនចូលស្តាប់ច្រើន៕