(ភ្នំពេញ)៖ តារាចម្រៀង និងរ៉េប ដែលកំពុងមានប្រជាប្រិយភាពគឺ នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកក្របី អំឡុងពេលធ្វើដំណើរ ទៅថតបទចម្រៀងនៅខេត្តព្រះសីហនុ នាម៉ោង៧យប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចហួសពេជ្យនិលលោកយាយម៉ៅ តាមផ្លូវជាតិលេស៤ ក្នុងស្រុកព្រៃនប់។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យរថយន្តរបស់ នេន ទុំ ផ្នែកខាងមុខខូចខាតយ៉ាងខ្លាំង ខណៈ នេន ទុំ មិនមានរបួសអ្វីធ្ងន់ធ្ងរឡើយ និងកំពុងសម្រាកព្យាបាល នៅក្នុងសណ្ឋាគារមួយ នាខេត្តព្រះសីហនុ។

តារាសម្ដែង និងជាពិធីការិនីក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៃទូរទស្សន៍ Fresh News កញ្ញា ចាន់ នីកា ដែលជាមិត្តស្និតស្នាលនឹងតារាចម្រៀងរ៉េបរូបនេះ បានប្រាប់ឲ្យដឹងថា នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅពេលយប់ ​អំឡុងពេលធ្វើដំណើរ ទៅថតចម្រៀងនៅខេត្តព្រះសីហនុ។ ក្រោយជួបហេតុការណ៍នេះ នេន ទុំ ត្រូវបានគេប្រញាប់បញ្ជូនទៅមន្ទីពេទ្យភ្លាម ដើម្បីពិនិត្យខ្លួនប្រាណ ប៉ុន្តែជាសំណាងល្អលោកមិនមានរបួសធ្ងន់ធ្ងរឡើយ។ ដោយឡែក រថយន្តរបស់លោក ដែលខូចខាតផ្នែកខាងមុខខ្លាំងនោះ ត្រូវបានស្ទូច និងដឹកមកភ្នំពេញ។

ចាន់ នីកា បន្តឲ្យដឹងទៀតថា ពេលជួបគ្រោះថ្នាក់ភ្លាម នេន ទុំ និងក្រុមការងារ ត្រូវបានបញ្ជូនទៅព្យាបាល ក្នុងមន្ទីរពេទ្យមួយ ក្នុងក្រុងព្រះសីហនុ ហើយលោកគ្រូពេទ្យបានពិនិត្យឃើញថា នេន ទុំ គ្រាន់តែរបួសរលាត់ដៃជើងបន្តិចបន្ទួចប៉ុណ្ណោះ ក៏សម្រេចឲ្យចេញពីមន្ទីរពេទ្យ និងមកសម្រាកក្នុងសណ្ឋាគារមួយ ដើម្បីឲ្យស្ងប់អារម្មណ៍ បំបាត់ការភិតភ័យ។

នាងបន្តថា បច្ចុប្បន្ន នេន ទុំ កំពុងសំរាកនៅសណ្ឋាគារក្នុងខេត្តព្រះសីហនុ ប៉ុន្តែមិនដឹងថា លោកបន្តការថតចម្រៀង ឬអត់នោះឡើយ។ ជាមួយនឹងដំណឹងនេះ​​ មិត្តរួមសិល្បៈ និងអ្នកគាំទ្របានជូនពរដល់តារាប្រុសរូបនេះ ឲ្យមានសុវត្ថិភាព និងរួចផុតពីគ្រោះចង្រៃទាំងឡាយផងដែរ៕