(ប៉ារីស)៖ ក្រុមបាល់ទាត់ Paris Saint-Germain របស់បារាំងបានវាយបកយកឈ្នះក្រុមអាល្លឺម៉ង់ Borussia Dortmund ក្នុងលទ្ធផល ២-០ នៃជើងទី២ ឡើងវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឹរ៉ុប UEFA Champions League ក្នុងវគ្គ១៦ក្រុម បន្ទាប់ពីជើងទី១ នៅទឹកដីអាល្លឺម៉ង់ បានបញ្ចប់ដោយលទ្ធផល ២-១។

ក្នុងការប្រកួតជើងទី២ នៃការបិទទ្វារកីឡដ្ឋាន Parc des Princes ដោយសារភ័យខ្លាច Covid-19 ក្លិបម្ចាស់ផ្ទះ PSG ធ្វើបានសម្រេចពីការវាយបករកបានជ័យជម្នះ ២គ្រាប់បន្ថែមដោយខ្សែប្រយុទ្ធ Neymar នៅនាទី២៨ និងមិត្តរួមក្រុម Bernat រកបានគ្រាប់ទី២ នៅនាទី៤៥។ តាមរយៈលទ្ធផលនេះ បានធ្វើឲ្យ PSG រកបានគ្រាប់ចំណេញ ៣-២ ទាំងពីរជើងក្នុងវគ្គ ១៦ក្រុមនេះ។

គិតត្រឹមពេលនេះដែរ សម្រាប់កីឡាករ Haaland ដែលជាសមាជិករបស់ក្រុម Borussia Dortmund ក៏បានអស់ឱកាសប្រជែងគ្រាប់បាល់ជាបន្តទៀតដែរ ក្នុងចំណោមកីឡាកររកបានច្រើនគ្រាប់ក្នុងតារាង Top scorer ដែលរូបគេរកបាន ១០គ្រាប់ ឈរលេខរៀងទី២ តាមពីក្រោយកីឡាករខ្សែប្រយុទ្ធ Robert Lewandowski ដែលរកបាន ១១គ្រាប់ច្រើនជាងគេ ក្នុងរដូវកាលឆ្នាំ២០១៩-២០២០ នេះ៕