(ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មិនបន្ទោសកូនក្រុមឡើយ ចំពោះការបរាជ័យ ៤-១ ក្រោមថ្វីជើងក្រុមភ្ញៀវ Than Quang Ninh កាលពីយប់មិញ ដ្បិតលោកថា ដោយសារការហត់នឿយទាំងផ្លូវកាយ និងស្មារតី នៅវគ្គទី២ ទើបគូប្រកួតមានឱកាសវាយបកឈ្នះច្រើនគ្រាប់បែបនេះ។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានទទួលស្គាល់ថា វគ្គទី១ កូនក្រុមខ្លួនធ្វើបានយ៉ាងល្អ បើធៀបនឹងក្រុមវៀតណាម តែដោយសារការសម្រាកមិនបានគ្រប់គ្រាន់ បន្ទាប់ពីប្រកួតលីគកំពូលកម្ពុជា ជាមួយភ្នំពេញក្រោនកាលពីចុងសប្ដាហ៍កន្លងទៅ បានធ្វើឲ្យកូនក្រុមមានភាពហត់នឿយខ្លាំងនៅវគ្គទី២ រួមទាំងបាត់បង់ស្មារតី ធ្វើឲ្យការបញ្ជូនបាល់ខូចច្រើនទៀតផង។

លោកថា «ការប្រកួតតង់ទី១ ក្រុមធ្វើបានល្អ គឺព្រះខ័នរាជស្វាយរៀង។ ហើយចូលតង់ទី២ យើងដឹងកីឡាកររបស់យើង មានភាពនឿយហត់ខ្លាំង ហើយគូប្រកួតតង់ទី២ ពួកគេលេងបានល្អ...។ និយាយរួម ចាប់ពីនាទី៦០ ឡើងទៅ យើងឃើញកីឡាករយើង មិនត្រឹមហត់ផ្នែករាងកាយទេ សូម្បីស្មារតីរបស់គាត់ក៏ហត់ដែរ យើងបញ្ជូនបាល់មិនបានល្អ បញ្ជូនបាល់បាត់បាល់ ធ្វើឲ្យគូប្រជែងវាយបក និងរកគ្រាប់បាល់បាន»

គួរបញ្ជាក់ថា ការបរាជ័យរបស់ក្រុមព្រះខ័នរាជស្វាយរៀងយប់មិញ បានធ្វើឲ្យពួកគេធ្លាក់មកឈរលេខ៣ និងមាន ៣ពិន្ទុស្មើក្រុមបាតតារាង Bali United ស្របពេលជ័យជម្នះរបស់ក្រុម Than Quang Ninh បានធ្វើឲ្យពួកគេឡើងទៅឈរលេខ២ និងមាន ៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Ceres Negros ដែលមាន ៧ពិន្ទុក្នុងដៃ ក្រោយយកឈ្នះក្រុម Bali United ៤-០ ក្នុងដីនៃប្រកួតទី៣ ដូចគ្នា នៅក្នុងពូល G នៃពានរង្វាន់ AFC Cup 2020 នារាត្រីថ្ងៃពុធ ទី១១ ខែមីនា៕