(លីវើភូល)៖ ក្រុមការពារតំណែងជើងឯក Champions League ហង្សក្រហម Liverpool បានបញ្ចប់បេសកកម្មនៃពានរង្វាន់អឺរ៉ុបនេះជាផ្លូវការហើយ ក្រោយបន្តប្រកួតចាញ់ក្រុមមកពីអេស្ប៉ាញ Atletico Madrid ក្នុងលទ្ធផល ៣-២ ក្នុងនាទីបន្ថែមនៃជើងទី២ នារាត្រីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

Liverpool បានគ្រងជើងឯកពាន UEFA Champions League បន្ទាប់ពីយកឈ្នះក្រុមអង់គ្លេសដូចគ្នា Tottenham Hotspur ២-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន។

ការប្រកួតជើងទី២ កាត់សេចក្តីវគ្គ ១៦ក្រុមចុងក្រោយនេះ ក្រុមម្ចាស់ផ្ទះ Liverpool របស់អង់គ្លេស បានធ្វើការនាំមុខ ១គ្រាប់មុនក្នុងរយៈ ៩០នាទីពេញ ដោយ​ខ្សែបម្រើ Wijnaldom នៅនាទី៤៣ ហើយគ្រាប់បាល់ជ័យជម្នះក្នុងដីនៃកីឡដ្ឋាន Anfield នេះបានក្លាយជាលទ្ធផលស្មើគ្នា ១-១ ដោយគិតរួមជាមួយការស៊ុត ១គ្រាប់នៅទឹកដី Atletico Madrid កាលជើងទី១ ដែលធ្វើឲ្យការប្រកួតបន្ថែម ១៥នាទី ២ដងកើតមានឡើង ក្នុងនោះក្រុមហង្សក្រហមនៅតែបន្តនាំមុខ​មុនសារជាថ្មីទៀត ដោយកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino នៅនាទី៩៤ គ្រាដែលក្រុមគូប្រជែងបានព្យាយាមធ្វើបានសម្រេចដល់ទៅ ៣គ្រាប់វិញដ៏គួរឲ្យភ្ញាក់ផ្អើលនៅនាទី៩៧ និង១០៥ ដោយខ្សែបម្រើ Marcos Llorente និង Alvaro Morata រកបាននៅនាទី១២០។

តាមលទ្ធផលនេះ បានធ្វើឲ្យក្រុមអេស្ប៉ាញ Atletico Madrid ឡើងទៅវគ្គ ៨ក្រុមជាបន្តជាមួយនឹង PSG របស់បារាំងដែលបានយកឈ្នះក្រុម Borussia Dortmund របស់អាល្លឺម៉ង់ ក្នុងលទ្ធផល ២-០ យប់មិញដូចគ្នា ក្រោយចាញ់ ២-១ កាលពីជើងទី១ រួមជាមួយ Atalanta របស់អ៊ីតាលី និង RB Leipzig របស់អាល្លឺម៉ង់ក៏សុទ្ធតែបានឡើងទៅវគ្គ ៨ក្រុមដូចគ្នា៕