(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen-Cup ថ្នាក់ខេត្ត លើកទី១៤ ឆ្នាំ២០២០ បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីដំណើរការប្រកួតជម្រុះអស់រយៈពេលច្រើនសប្ដាហ៍ ហើយបានបញ្ចប់កាលពីម្សិលមិញ។

បេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានសម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះ គឺមាន ៥ក្រុមជាក្រុមឈរលេខ១ ក្នុងពូលទាំង៥ រួមមានខេត្តកំពង់ឆ្នាំ (ពូល A) ខេត្តសៀមរាប (ពូល B) ខេត្តព្រៃវែង (ពូល C) ខេត្តកំពង់ស្ពឺ (ពូល D) និងខេត្តកែប (ពូល E)។ រីឯ ៣ក្រុមទៀតជាក្រុមលេខ២ ល្អជាងគេ រួមមានខេត្តត្បូងឃ្មុំ (ពូល C) ខេត្តកោះកុង (ពូល E) និងខេត្តកណ្ដាល (ពូល D)។

ក្រោយរកឃើញក្រុមឡើងវគ្គបន្ដ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) គ្រោងរៀបចំកម្មវិធីចាប់គូប្រកួត នាថ្ងៃទី២០ ខែមីនា ដើម្បីបន្ដការប្រកួតចម្រាញ់រកក្រុមខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងប្រជែងកៅអីលេងពានថ្នាក់ជាតិ ដោយការប្រកួតនឹងធ្វើ ២ជើង ក្នុងនោះជើងទី១ ប្រកួតនៅថ្ងៃទី៧-៨ ខែមេសា និងជើងទី២ ប្រកួតនៅថ្ងៃទី២១-២២ ខែមេសា៕