(ភ្នំពេញ)៖ តារាចម្រៀង និងជាអ្នកគ្រប់គ្រងប្រចាំក្នុងផលិតកម្ម ថោន លោក ករុណា ពេជ្រ ទោះបីស្ថិតក្នុងស្ថានភាពមមាញឹកនឹងការងារជាច្រើនក្ដី ក៏លោកបានឆ្លៀតពេល ដឹកនាំក្រុមតារាចម្រៀង ក្នុងផលិតកម្ម ដែលខ្លួនគ្រប់គ្រង ដើម្បីចូលរួមបង្កភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យទន្លេ នៅក្នុងទឹកដីខេត្តបាត់ដំបងយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២០នេះ។

ជាការពិត មួយរយៈចុងក្រោយនេះ ដោយសារ​តែ​ជាប់ភារកិច្ចមើលថែឪពុក តារាចម្រៀង ករុណា ពេជ្រ ហាក់មិនសូវទទួលការងារសិល្បៈនោះទេ​ ទោះបីជាមានគេទំនាក់ទំនងការងារមកជារឿយៗក្តី។ ​

ថ្មីនេះ ករុណា ពេជ្រ បានបង្ហើបថា ដោយសារតែមានការផ្តល់ឱកាស​ដល់តារាចម្រៀង ករុណា ពេជ្រ ក្នុងការដឹកនាំ ក្រុមចម្រៀងរបស់តារាចម្រៀង ប្រចាំផលិតកម្មថោន ច្រៀងរាំ សម្រាប់បងប្អូនចូលរាំកម្សាន្ត ក្នុងពិធីបុណ្យទន្លេ ដែលនឹងប្រារព្វធ្វើឡើង​ នៅក្រុងបាត់ដំបង រយៈពេលបីថ្ងៃ ពីថ្ងៃទី១៣ មីនា រហូតដល់ថ្ងៃទី១៥ មីនា ២០២០ ទើបលោកសម្រេចចិត្តដឹកនាំក្រុមតារាចម្រៀង​ ចូលរួមក្នុងឱកាសនោះ។

លោក ករុណា ពេជ្រ បានបន្ថែមថា ប៉ុន្តែសម្រាប់ក្រុមតន្រ្តីបែបប្រពៃណី របស់តារាចម្រៀង ករុណា ពេជ្រ និង​ប្រគំជូន បងប្អូនរាំលេងសម្រាប់តែរាត្រីថ្ងៃទី១៣ ប៉ុណ្ណោះ គឺទីតាំងនៅមុខសាលាខេត្តបាត់ដំបងតែម្តង។

​ករុណា ពេជ្រ ​ប្រាប់ថា តារាច​ម្រៀងពីរដួង ដែលរួមដំណើរជាមួយលោក គឺលោក ឃុង ឃុយ និង អ្នកនាង ចេន សាយចៃ និងចូលរួមច្រៀងចម្រៀង ជាចង្វាក់កន្ទ្រឹម ខ្មែរសុរិន្ទ រាំវង់ រាំក្បាច់ ជូនពុកម៉ែ​បងប្អូន ខេត្តបាត់ដំបង និងមហាជនគ្រប់ទិសទីរាំលេងកម្សាន្ត។

​សូមជម្រាបថា មួយរយៈនេះ តារាចម្រៀង ករុណា ពេជ្រ មិនសូវបង្ហាញវត្តមានតាមកម្មវិធីផ្សេងៗទេ បើទោះបីជាមានការអញ្ជើញជាហូរហែ​ក៏ដោយ ព្រោះតារាចម្រៀងរូបនេះ ជាប់បំពេញភារកិច្ចជាកូនល្អ មើលថែលោកឪពុក ដែលមានជំងឺប្រចាំកាយ។​​​ ប៉ុន្តែសម្រាប់កម្មវិធីថ្នាក់ជាតិវិញ គឺលោកតែងតែបង្ហាញវត្តមានជានិច្ច​ មិនឲ្យខកខានឡើយ៕