(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុម Than Quang Ninh របស់វៀតណាម នាវេលាម៉ោង ៦ល្ងាចនេះ ក្នុងប្រកួតទី៣ នៃពានរង្វាន់ AFC Cup 2020 ពូល G។

ប៉ុន្ដែការប្រកួតនេះ នឹងត្រូវរឹតបន្តឹងផ្នែកសុខភាព ដើម្បីបង្ការជំងឺផ្លូវដង្ហើមថ្មី Covid-19 ដោយអ្នកគាំទ្រ មន្ដ្រីរៀបចំការប្រកួត រួមទាំងកីឡាករក្រុមទាំងពីរ នឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាពជាមុន ទើបអនុញ្ញាតឲ្យចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិ ដើម្បីទស្សនា ក៏ដូចជាធ្វើការប្រកួតជាដើម។

លោក ច័ន្ទ មិថុនា មន្ដ្រីសារព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអះអាងថា «ដោយយោងលើកិច្ចប្រជុំជាមួយមន្ដ្រី AFC និងវេជ្ជបណ្ឌិតក្នុងប្រទេសយើង គឺយើងតម្រូវឲ្យមានការពិនិត្យសុខភាពទស្សនិកជនដែលចូលរួមទស្សនា មន្ដ្រីចូលរួមការប្រកួត ក៏ដូចជាកីឡាករទាំងអស់ គឺនឹងធ្វើការពិនិត្យតាមច្រកសុវត្ថិភាពចំនួន៤ ហើយយើងប្រើប្រាស់ Sticker បិទសម្រាប់សម្គាល់ការពិនិត្យសុខភាពរួចរាល់ទៀតផង»

មន្ដ្រីសហព័ន្ធដដែលបានបញ្ជាក់ថា សម្រាប់អ្នកមិនមាន Sticker បិទសម្គាល់ ឬមិនបានឆ្លងកាត់ការពិនិត្យសុខភាពទេនោះ សហព័ន្ធនឹងស្នើឲ្យមានការទៅពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិត ដែលប្រចាំការនៅទីនោះស្រាប់។ លើសពីនេះ វេជ្ជបណ្ឌិតក៏បានសំណូមពរឲ្យអ្នកគាំទ្រទាំងអស់ ត្រូវរក្សាអនាម័យជាចម្បង មិនខាកស្ដោះខ្វះអនាម័យនោះទេ។ នេះគឺជាវិធានការមួយ ដើម្បីបង្ការជំងឺឆ្លង Covid-19 ដែលកំពុងរីករាលដាលលើពិភពលោក។

គួរបញ្ជាក់ថា នេះគឺជាប្រកួតទី៣ របស់ក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីឆ្លងកាត់ ២ប្រកួតដំបូង ឈ្នះ១ និងចាញ់១ រកបាន ៣ពិន្ទុឈរលេខរៀងទី២ បណ្ដោះអាសន្ន ចាញ់ប្រៀបក្រុមកំពូលតារាង Ceres Negros របស់ហ្វីលីពីនតែ ១ពិន្ទុប៉ុណ្ណោះ។ រីឯក្រុម Than Guang Ninh ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ២ប្រកួត ស្មើ១ និងចាញ់១ កាលពីពេលថ្មីៗ៕