(សេអ៊ូល)៖ ក្រោយពីមានពាក្យចចាមអារ៉ាមថា ក្រុមចម្រៀងប្រុស BIGBANG នឹងចាកចេញពីផលិតកម្ម YG នោះ ពេលនេះ YG បានប្រកាសថា ក្រុមហ៊ុនរបស់ខ្លួនបានបន្តកុងត្រាថ្មីជាមួយ BIGBANG ដែលបច្ចុប្បន្នមានសមាជិក៤នាក់ គឺ GD, TOP, Taeyang និង Daesung។

ជាការកត់សម្គាល់ ក្រុមចម្រៀងប្រុស BIGBANG បានរស់នៅក្រោមដំបូលផលិកម្ម YG អស់រយៈពេល ១៥ឆ្នាំហើយ។ រហូតមកទល់បច្ចុប្បន្ន ពួកគេបានបន្តកុងត្រាថ្មី ជាលើកទី៣ ជាមួយផលិតមួយនេះ ដោយមិនសម្រេចចាកចេញដូចពាក្យចចាមអារ៉ាមឡើយ។ សមាជិកទាំងអស់របស់ BIGBANG បានហ្វឹកហាត់តាំងពី YG នៅជាក្រុមហ៊ុនតូចមួយ ហើយបានបង្ហាញខ្លួន ជាសាធារណៈលើកដំបូង នៅឆ្នាំ២០០៦។

BIGBANG នឹងក្រុមចម្រៀងដទៃទៀត បានធ្វើឲ្យផលិតកម្ម YG ទទួលបានជោគជ័យ នឹងក្លាយជាក្រុមហ៊ុនយក្សមួយនៅក្នុងប្រទេសកូរ៉េ។ នៅដើមឆ្នាំនេះ អ្នកវិភាគសិល្បៈ បានព្យាករណ៍ថា ស្តុកភាគហ៊ុនរបស់ YG គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើថា តើ BIGBANG នឹងបន្តកុងត្រាជាមួយជាផលិតកម្មឬអត់?

យ៉ាងណាមិញ លទ្ធផលព្យាករណ៍បានបញ្ជាក់ជាថ្មីថា ស្តុកភាគហ៊ុនរបស់ YG នឹងមានសុវត្ថិភាពសម្រាប់ឆ្នាំនេះ។ ជាមួយគ្នានេះ YG បានប្តេជ្ញាថានឹងបន្តគាំទ្រ BIGBANG ខណៈដែលពួកគេមានសមាជិកតែបួននាក់ប៉ុណ្ណោះ បន្ទាប់ពីសមាជិកម្នាក់គឺ Seungri បានចាកចេញពីក្រុម។

ផលិតកម្ម YG បានបញ្ជាក់ទៀតថា BIGBANG មិនត្រឹមតែបានត្រួសត្រាយផ្លូវ ក្នុងឥទ្ធិពលតន្រ្តីប៉ុណ្ណោះទេ តែពួកគេក៏បានផ្លាស់ប្តូរលំហូរ នៃវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូងផងដែរ។ BIGBANG នឹងបន្តបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ K-Pop ដែលជាសិល្បករតំណាងក្រុមហ៊ុន។

គួរបញ្ជាក់ថា BIGBANG ត្រូវបានព្យាករណ៍ថា នឹងធ្វើការត្រឡប់មកវិស័យ Kpop វិញ តាមរយៈការប្រគុំតន្រ្តីដ៏ធំរបស់អាមេរិក គឺកម្មវិធី «Coachella» ២០២០ នៅខែមេសាខាងមុខ។ តែទោះយ៉ាងណា នៅពេល «Coachella» ត្រូវបានពន្យារពេលដល់ខែតុលា ដោយសារតែការរាតត្បាតនៃមេរោគឆ្លង Covid-19 ហើយការវិលត្រឡប់របស់ BIGBANG ក៏អាចនឹងពន្យាពេលដូចគ្នា៕